ប្រព័ន្ធអាវុធថ្មីរបស់អាមេរិក "ស្ទើរតែទាំងអស់" ងាយរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណេត

យោងតាមរបាយការណ៍ថ្មីមួយរបស់ការិយាល័យគណនេយ្យភាពរដ្ឋាភិបាល (GAO) បានឱ្យដឹងថា ប្រព័ន្ធអាវុធ "ស្ទើរតែទាំងអស់" ដែលបង្កើតឡើងដោយយោធាសហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ គឺងាយរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណេត។ នេះបើយោងតាម CNN។

របាយការណ៍របស់ស្ថាប័នឃ្លាំមើលនេះបាននិយាយថា GAO "បានរកឃើញថា ពីឆ្នាំ ២០១២ដល់២០១៧  ក្រុមអ្នកធ្វើតេស្តរបស់ក្រសួងការពារជាតិបានរកឃើញជាទៀងទាត់នូវភាពងាយរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណេតដ៏សំខាន់នៅតាមប្រព័ន្ធសព្វាវុធទាំងអស់ដែលកំពុងត្រូវបានអភិវឌ្ឍ"។

អំឡុងពេលនៃការធ្វើតេស្តមួយចំនួន ពួកអ្នកធ្វើតេស្តអាចចូលទៅក្នុងប្រព័ន្ធអាវុធដ៏ស្មុគស្មាញទាំងនេះនិងគ្រប់គ្រងលើពួកវាបាន "ដោយប្រើឧបករណ៍និងបច្ចេកទេសសាមញ្ញៗ"។

របាយការណ៍បានឱ្យដឹងថា "ក្នុងករណីមួយ ក្រុមដែលមានគ្នាត្រឹម២នាក់បានចំណាយពេលត្រឹម១ម៉ោងដើម្បីចូលទៅប្រព័ន្ធសព្វាវុធជាដំបូងនិងចំណាយពេលមួយថ្ងៃដើម្បីចូលគ្រប់គ្រងពេញលេញលើប្រព័ន្ធដែលពួកគេកំពុងធ្វើតេស្ត"។

ក្នុងករណីមួយចំនួន "ប្រព័ន្ធសព្វាវុធបានប្រើសូហ្វវែពាណិជ្ជកម្មឬកូដបើកចំហ (Open Source)​ ប៉ុន្តែមិនបានផ្លាស់ប្ដូរលេខកូដសម្ងាត់ដើមនោះទេនៅពេលដំឡើងសូហ្វវែ ដែលអនុញ្ញាតឱ្យក្រុមការងារស្វែងរកលេខកូដសម្ងាត់នៅលើអ៊ីនធឺណេតនិងទទួលបានសិទ្ធិជាអ្នកគ្រប់គ្រងលើសព្វាវុធ" ។

ហេតុផលមួយដែលប្រព័ន្ធសព្វាវុធអាមេរិកគឺងាយរងគ្រោះបំផុតចំពោះការវាយប្រហារតាមអ៊ីនធឺណេតគឺជាការតភ្ជាប់របស់ពួកវាទៅនឹងប្រព័ន្ធផ្សេងៗទៀត ដែលជាអ្វីមួយ ដែលមន្ទីរបញ្ចកោណមើលឃើញថាមានប្រយោជន៍ជាយូរមកហើយនោះ។

សព្វាវុធដូចជាយន្តហោះចម្បាំងធុន F-35 Joint Strike Fighter ត្រូវបានគេសាទរសម្រាប់សមត្ថភាពរបស់ពួកវាក្នុងការតភ្ជាប់ទៅប្រព័ន្ធផ្សេងៗជាច្រើន ដែលអនុញ្ញាតឱ្យវាចែករំលែកព័ត៌មានយោធាសំខាន់ៗបានកាន់តែងាយស្រួល។

ប៉ុន្តែរបាយការណ៍របស់ GAO និយាយថា ការតភ្ជាប់នេះធ្វើឱ្យប្រព័ន្ធអាវុធងាយរងគ្រោះ ព្រោះក្រុម Hacker ត្រូវការឆ្មក់ចូលប្រព័ន្ធដែលតភ្ជាប់អ៊ីនធឺណេតតែមួយប៉ុណ្ណោះដើម្បីគ្រប់គ្រងពេញលេញលើប្រព័ន្ធអាវុធដទៃទៀត៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត