បុរសម្នាក់ទើបចេញពីផ្ទះម្តាយក្មេកជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកស្លាប់

​ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តបុក កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខវត្តតាភេមផ្លូវជាតិលេខ៤  ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

​សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាកស្មាស់ រីវ៉ូ ស៊េរី២០០៩ ពណ៌ខ្មៅ  ពាក់ស្លាក កណ្តាល1E-5545 បើកបរដោយបុរសម្នាក់ (ស្លាប់ ) ជាមួយរថយន្ត ម៉ាកឡិចស៊ីស NX200t ​ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ2AR-3871 បើកបរដោយបុរសម្នាក់ រត់គេចបាត់​។ 

​សមត្ថកិច្ចបន្តថា​ ជនរងគ្រោះ(សព)ឈ្មោះ ឈឹម ចាន់រ៉ា អាយុ៣០ឆ្នាំ ​មុខរបរកម្មកររោងចក្រ ​ស្នាក់នៅបន្ទប់ជួលជិតវត្តស្វាយផ្អែម ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ  មានស្រុកកំណើតនៅក្នុងភូមិ ដើមចាន់ ​ឃុំដើមចាន់ ​ស្រុកកោះអណ្តែត​ ខេត្តតាកែវ មានប្រពន្ធកូនប្រុសម្នាក់ អាយុ៤ឆ្នាំ​។ 

​ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯង បើកចេញពីវត្តតាភេមតាម បណ្តោយផ្លូវបេតុង ទិសដៅពីជើងទៅត្បូង​។ លុះមកដល់ផ្លូវជាតិលេខ៤ បើកឆ្លងផ្លូវមិនប្រយ័ត្ន ក៏ស្រាប់តែរថយន្តបើករក្នុងល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ទំនងបើកវ៉ារថយន្តមួយគ្រឿងទៀត ក៏បុកម៉ូតូពេញទំហឹង ផ្លោងខ្ទាតប្រហែល១៥ម៉ែត្រ បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ក្នុងថ្លុកឈាមតែម្តង​។ ចំណែកឯរថយន្តបង្ក បានបើករត់ប្រហែល២០០ម៉ែត្រ ក៏ឈប់រថយន្តបានបើកទ្វារចុះរត់ឡើងិះរថយន្តមួយគ្រឿងទៀត បើករត់បាត់តែម្តង​។ 

​តាមសម្តីប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា ប្តីរបស់គាត់បានជូនរូបគាត់ទៅផ្ទះម្តាយ ហើយក៏ឱ្យប្តីរបស់គាត់ត្រឡប់ទៅបន្ទប់ជួលវិញ ដើម្បីដេកចាំបន្ទប់។ ស្រាប់តែកន្លះម៉ោងក្រោយមក ក៏មានសមត្ថកិច្ចទូរស័ព្ទមកប្រាប់ថា ម្ចាស់ទូរស័ព្ទបានជួបគ្រោះថ្នាក់ស្លាប់បាត់ទៅហើយ​។ 

​ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់​​។ ចំណែកសាកសព សាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី​៕

adverise with khmeread