មេធាវីថ្មីរបស់កីឡាករ Cristiano Ronaldo អះអាងថា កូនក្តីរបស់លោកបានសម្រេចកិច្ចព្រមព្រៀងហិរញ្ញវត្ថុជាមួយ Kathryn Mayorga រួចហើយ

          មេធាវី​ថ្មី​របស់​កីឡាករ Cristiano Ronaldo បាន​បញ្ជាក់ថា កូន​ក្តី​របស់​លោក​បាន​សម្រេចកិច្ច​ព្រមព្រៀង​ហិរញ្ញវត្ថុ​ជាមួយ​នាង Kathryn Mayorga ជា​ស្ត្រី​ដែល​ចោទ​ប្រកាន់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់រូបនេះថា បាន​រំលោភនាង។ Ronaldo បាន​អះអាងថា ឯកសារអំពី​ករណី​នេះ​ត្រូវ​បាន​គេក្លែង​បន្លំ​ក្នុ​ងចេតនា​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន។

          លោក Peter Christiansen បាន​និយាយថា គ្មានអ្វី​គួរឲ្យ​សង្ស័យចំពោះ​កី​ឡាករ Ronaldo ដែល​បាន​ចំណាយ​ប្រាក់​ ៣៥០.០០០ដុល្លារ​ដល់​នាង Mayorga ដើម្បី​រក្សាភាពស្ងាត់ស្ងៀមអំពីអ្វីដែល​ Ronaldo អះអាងថា ជា​ការ​រួមភេទ​ដែល​ព្រមព្រៀង​ទាំង​សងខាងនៅ​សណ្ឋាគារមួយ​ក្នុងទីក្រុងឡាសវេហ្គាសកាល​ពីឆ្នាំ​២០០៩។

          មេធាវី​រូបនេះ​បាន​និយាយថា “ការ​ផ្តល់​ប្រាក់នេះ​មិនមែនជា​ការ​សារភាព​កំហុស​នោះទេ”។ លោក​អះអាងថា Ronaldo បាន​ចំណាយ​ប្រាក់​ ដើម្បី​ទប់​ស្កាត់​ការចោទប្រកាន់​ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ដែល​ខ្លួន​បាន​កសាង​តាមរយៈ​ការ​ងារដ៏លំបាក​ក្នុង​វិស័យ​កីឡាករ​មួយនេះ។

          លោកបាន​និយាយថា Ronaldo វ័យ៣៣​ឆ្នាំ​ដែល​បដិសេធ​ការ​ចោទប្រកាន់​នេះ​នឹង​ប្តឹង​បណ្តាញ​ព័ត៌មាន​អាល្លឺម៉ង់​ឈ្មោះ Der Spiegel ជុំវិញ​ការ​ចុះផ្សាយ​ឯក​សារ​ដែលទទួល​បាន​ពីក្រុម​ផ្តល់ព័ត៌មាន​សម្ងាត់​ឈ្មោះ​ Football Leaks ដែល​បាន​បង្ហាញ​កិច្ច​សន្យា​រាប់រយ​។

          យោងតាមកាសែត Der Spiegel បាន​ឲ្យ​ដឹងថា ចំណុច​ស្នូល​នៃការចោទប្រកាន់​នេះ​គឺជា​តារាងសំណួរ​មួយដែលក្នុង​នោះ​ Ronaldo សារភាពថា Mayorgan និយាយពាក្យថា `ទេ` និង​​`ឈប់` ច្រើន​លើកច្រើន​សា។

          ប៉ូលិស​នៅ​ក្រុងឡាសវេហ្គាស​បាន​បើក​ការ​ស៊ើប​អង្កេត​ឡើងវិញ​លើ​ការចោទប្រកាន់​របស់នាង Mayorga មកលើ​ Ronaldo ៕

adverise with khmeread