ប្រធានសហព័ន្ធបាល់ទាត់បារាំង: Karim Benzema អស់ឱកាសជាមួយក្រុមជម្រើសជាតិ

          ថ្លែងក្នុង​បទសម្ភាស​ជាមួយ​កាសែត​ក្នុង​ស្រុកឈ្មោះ Quest France ដែល​ចុះ​ផ្សាយ​កាល​ពីថ្ងៃពុធប្រធាន​សហ​ព័ន្ធបាល់ទាត់​បារាំងលោក Noel Le Graet បាន​និយាយអំពីឱកាស​នៃការ​កោះ​ហៅ​ខ្សែប្រយុទ្ធ​​​ Karim Benzema មកវិញ។

          លោក Le Graet បាននិយាយថា “ខ្ញុំជឿជាក់​ថា វាចប់សព្វគ្រប់​ហើយ​សម្រាប់ Benzema ជាមួយ​ក្រុមជម្រើសជាតិ​បារាំង ជាពិសេស​តាំងពី​ពេលដែលកីឡាករ​រូប​នេះ​លេងមិនសូវ​ល្អ​មួយ​រយៈកន្លងមក”។

          Benzema ដែលបាន​បង្ហាញមុខ​លើកចុងក្រោយជាមួយក្រុមបារាំង​កាលពីខែ​តុលា​ឆ្នាំ​២០១៥​នោះបាន​ជាប់ក្នុង​បញ្ជី​សម្រាំង​៣០រូប​សម្រាប់ពានបាល់​មាសក្នុងឋានៈជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ។ ប៉ុន្តែ​ទំនាក់ទំនង​រវាងខ្សែប្រយុទ្ធ​របស់​ក្លឹប Real Madrid រូបនេះជាមួយ​គ្រូបង្វឹក​ជម្រើសជាតិបារាំងលោក Didier Deschamps នៅតែ​ជាបញ្ហា។

          លោក Deschamps មិនបាន​កោះហៅ​ Benzema ទេ ចាប់តាំង​ពី​កីឡាករ​រូប​នេះ​អះអាងថា គ្រូបង្វឹក​ជម្រើស​ជាតិរូបនេះបាន​ឱនក្បាលចំពោះ​សម្ពាធ​ដែលមាន​លក្ខណៈ​​រើស​អើង​ពូជសាសន៍ នៅពេល​គ្រូបង្វឹក​រូបនេះ​យល់​ព្រមដក​ Benzema ចេញពី​ក្រុមជម្រើស​សម្រាប់ការ​ប្រកួត European Championship ។

          ការសង្ស័យអំពីការ​ជាប់ពាក់ព័ន្ធរបស់ Benzema ក្នុងផែនការ​គំរាម​ទារប្រាក់ជុំវិញ​វីដេអូសិច​នោះ​ក៏ជា​មូល​ហេតុ​ដែល​បណ្តាលឲ្យ​កីឡាករ​រូបនេះ​បាត់បង់​ឱកាស​ផងដែរ៕

adverise with khmeread