សិស្សវិទ្យាល័យ២នាក់ឆក់កាបូបមិនបានសម្រេចដួលម៉ូតូត្រូវ​ពលរដ្ឋវ៉ៃទ្រមខ្លួន

​ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បាន បន្ទាប់ពីឆក់កាបូបពីនារីម្នាក់កំពុងជិះម៉ូតូកង់បីឥណ្ឌា តែមិនបានសម្រេច នៅវេលាម៉ោង១១យប់ថ្ងៃ ទី១១ ខែតុលា​ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក​។ 

​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ជនសង្ស័យទី១-ឈ្មោះ វណ្ណ  វិសាន់  អាយុ១៧ឆ្នាំ ជាសិស្សសាលាវិទ្យាល័យទួលទំពូង ថ្នាក់ទី១០ ​រស់នៅភូមិឫស្សី ​សង្កាត់ ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យ ( ជាអ្នកឌុប ) និង ជនសង្ស័យទី២-ឈ្មោះ សុខ  ណៃ អាយុ ១៧ឆ្នាំ  មុខរបរសិស្សសាលា វិទ្យាល័យសាមគ្គីជាស៊ីម ថ្នាក់ទី១១ រស់នៅជិតផ្សារសំណង់១២  ស្រុកកំណើតនៅខេត្តមណ្ឌលគីរី  ( ជាអ្នកឆក់អង្គុយខាងក្រោយ )​។ ពួកគេបានប្រើប្រាស់ ម៉ូតូធ្វើសកម្មភាព ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ 1HE-1097 ។ 

​ប្រភពព័ត៌មានបន្តថា មុនដំបូងគេឃើញ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌា ដឹកស្ត្រីម្នាក់ ធ្វើដំណើរពីជើងមកត្បូង តាមបណ្តោយផ្លូវម៉ៅសេទុង​។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូតាមមកពីក្រោយស្របទិសគ្នា មកដល់ទន្ទឹម ក៏ធ្វើសកម្មភាពឆក់កាបូបពីនារីដែលជិះលើកង់បីឥណ្ឌា ទាញទៅទាញមក បណ្ដាលឱ្យក្រឡាប់កង់បីឥណ្ឌា និងដួលម៉ូតូ។ 

​ពេលនោះជនសង្ស័យទាំង ២នាក់បានរត់ចេញពីកន្លែងកើតហេតុ បានប្រហែល ២០០ម៉ែត្រ ក៏ត្រូវបាន ប្រជាពលរដ្ឋ ដេញតាមចាប់បាន ស្វាគមន៍មួយដៃមួយជើង ទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាង យកទៅសួរនាំនៅប៉ុស្ដិ៍ រួមជាមួយនារីរងគ្រោះ​ទៅដាក់ពាក្យបណ្តឹង ដើម្បីដាក់ទោសទណ្ឌជនសង្ស័យ ទៅតាមផ្លូវច្បាប់​៕

adverise with khmeread