មន្ត្រីអាវុធហត្ថ​មួយរូប ផ្ទុះអាវុធ១០គ្រាប់ត្រូវចំជើង​ប្រជាការពារម្នាក់របួសធ្ងន់ ​

​​ភ្នំពេញ ៖ មន្ត្រីអាវុធហត្ថ​ស្លៀកពាក់ស៊ីវិលមួយរូប បានផ្ទុះអាវុធចំនួន១០គ្រាប់ បណ្ដាលឱ្យប្រជាការពារម្នាក់ ត្រូវចំជើងរងរបួសធ្ងន់ ​ខណៈកម្លាំងល្បាតក្នុងខណ្ឌឬស្សីកែវ កំពុងបង្ក្រាបក្រុមក្មេងទំនើង វាយតប់គ្នា​ហើយជិះរត់ កាលពីវេលាម៉ោង​១២ និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃ​​ទី១២ ខែតុលា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចទល់​មុខផ្ទះល្វែងA4 ស្ថិតតាមផ្លូវបេតុង ភូមិ​គង្គារ​ផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ​​។ 

​តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទួលសង្កែទី២​ បានបញ្ជាក់ថា​ ជនសង្ស័យដែលជាខ្មាន់កាំភ្លើងឈ្មោះ ឡាយ អ៊ីងឃីង ភេទប្រុស​ អាយុ២៦ឆ្នាំ​ មុខរបរ​ មន្ត្រីអាវុធហត្ថ​លើផ្ទៃប្រទេស​ មានឋានន្តរស័ក្តិព្រឹន្ទបាលឯក ស្នាក់នៅក្បែរកន្លែងកើតហេតុ ប្រើប្រាស់កាំភ្លើងខ្លីម៉ាក Lock​។ 

​ចំណែកជនរងគ្រោះឈ្មោះ លី រតនៈ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាប្រជាការពារស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវលំ​ ភូមិក្រោលគោ​ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវត្រូវរបួសកំភួនជើងខាងស្តាំ។

​ប្រភពបន្តថា ដំបូងកម្លាំងល្បាតប៉ុស្តិ៍ទួលសង្កែទី២ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ បានចេញល្បាត ពួនស្ទាក់តាមភូមិសាស្ត្រនានា ក្នុងមូលដ្ឋាន និងត្រៀមលក្ខណៈអន្តរាគមន៍ បង្ការ​ បង្ក្រាប​បទល្មើស ចោរ​លួច ឆក់​ ប្លន់​ ផ្សេងៗ ដើម្បីរក្សាសុវត្ថិភាព​ជូនបងប្អូនប្រជាពលរដ្ឋ​។ ខណៈពេលល្បាតមកដល់ចំណុចជិតរង្វង់មូលខាំខូស៊ីធី ក៏បានប្រទះឃើញក្រុមក្មេងទំនើង​ កំពុងវាយតប់គ្នា​។ 

​ប្រភពបន្តថា គ្រាន់តែឃើញ​សមត្ថកិច្ចភ្លាម ​ក្រុមក្មេងទំនើងមួយក្រុម ក៏បានឡើងជិះម៉ូតូ (មិនចាំម៉ាក​) រត់គេចខ្លួន​។ ភ្លាមនោះ​កម្លាំងបានជិះម៉ូតូប្រដេញតាម ចូលទៅតាមផ្លូវបេតុង (គ្មានលេខ) មុខផ្ទះល្វែងA4 ដែលជាកន្លែងកើតហេតុ ខាងលើ កម្លាំងក៏បានឃាត់ម៉ូតូជនសង្ស័យបម្រុងសុំធ្វើការឃាត់សុំឆែកឆេរ និងសួរនាំ​។

​ស្របពេលនោះ បុរសដែលជាខ្មាន់កាំភ្លើងដែលមានផ្ទះក្បែរនោះ បានដកកាំភ្លើងបាញ់ ចំនួន១គ្រាប់ ក៏ផ្អើលសមត្ថកិច្ចដែលកំពុងបំពេញការងារនោះ ​ប្រាប់ឱ្យកម្លាំងពួនក្រាបរកកន្លែងមានសុវត្ថិភាពសិន​ និង រាយការណ៍តាមវិទ្យុទាក់ទង សុំកម្លាំងជួយអន្តរាគមន៍​។ ក្នុងឱកាសសមត្ថកិច្ចកំពុង​រកកន្លែងសុវត្ថិភាព ​ក្រុមក្មេងទំនើងទាំងនោះ បានឡើងជិះម៉ូតូរត់បាត់អស់ទៅ​។ 

​ប្រភពបន្តទៀថា បន្តិចក្រោយមក​ជនស៊ីវិលរូបនោះ ក៏បានផ្ទុះអាវុធបន្តទៀត បណ្ដាលឱ្យប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំជើងស្តាំ​រងរបួសធ្ងន់​ធ្ងរ សរុបចំនួន១០គ្រាប់បន្តបន្ទាប់គ្នា រហូតបាញ់សល់តែមួយគ្រាប់​ ទើបសមត្ថកិច្ច ប្រដាប់ដោយកាំភ្លើង AK បានស្ទុះចូលទៅភ្ជង់ជនស៊ីវិលខ្មាន់កាំភ្លើងនោះ រួចធ្វើការដកហូត​កាំភ្លើង យកមករក្សាទុកធ្វើជាវត្ថុតាង រួចវាយខ្នោះ យកទៅសាកសួរបន្តនៅ​អធិការខណ្ឌឬស្សីកែវ​។ ចំណែកឯប្រជាការពារដែលត្រូវគ្រាប់កាំភ្លើងចំជើងនោះ​ ត្រូវបាន​រថយន្តគិលានសង្គ្រោះគ្លីនិកឯកជន រស្មី មកដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត​ ដើម្បីជួយសង្គ្រោះផងដែរ​។ 

​ក្រោយពេលកើតហេតុសមត្ថកិច្ចបានរកឃើញ​ ១-អាវុធខ្លី១ដើមម៉ាកឡុកពណ៍ខ្មៅលេខAALU503របស់ប្រទេសU S A, ២-បង់១​​, ៣-គ្រាប់ចំនួន២គ្រាប់ និង៤​-សំបកគ្រាប់ចំនួន១០នៅកន្លែងកើតហេតុ។ ចំពោះករណីដែលបង្កឱ្យមានការបាញ់សន្ធប់បែបនេះ ត្រូវបានគេសន្និដ្ឋានបឋមថា ខ្មាន់កាំភ្លើងរូបនេះ ចេញមកការពារក្រុមក្មេងៗដែល សមត្ថកិច្ចបម្រុងឃាត់ខ្លួនឆែកឆេរនោះតែម្តង​៕


 

adverise with khmeread