Chelsea ចង់កែប្រែឥរិយាបថរើសអើងពូជសាសន៍តាមរយៈដំណើរទស្សនកិច្ចជំរំប្រមូលផ្តុំរបស់ពួកណាហ្ស៊ីនៅប៉ូឡូញ

          ក្លឹប Chelsea ​ចង់​នាំអ្នកគាំទ្រ​ដែល​មាន​ការរើសអើងជាតិសាសន៍​ធ្វើ​ដំណើរទៅជំរំប្រមូលផ្តុំ Auschwitz របស់ពួកណាហ្ស៊ី។

          លោក Roman Abramovich ដែលមានដើមកំណើតជា​ជនជាតិ​ជ្វីស​និង​ជា​ម្ចាស់ក្លឹប Chelsea នាពេលបច្ចុប្បន្ននេះមាន​តួនាទីសំខាន់​ក្នុង​ការផ្តួច​ផ្តើមគំនិត​ដែល​សំដៅទប់ស្កាត់​ការរើស​អើង​ពូជសាសន៍នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។

          ក្លឹបឆេលស៊ីចង់​ផ្តល់​ឱកាស​ដល់អ្នកគាំទ្រ​ដែល​ពាក់ព័ន្ធនឹងការរើស​អើង​ពូជ​សាសន៍​ទៅចូល​រួម​វគ្គ​សិក្សា​អប់រំ​នៅ​ជំរំប្រមូល​ផ្តុំ​សង្គ្រាមលោកលើកទី​២ក្នុង​ប្រទេសប៉ូឡូញ​ជំនួស​ឲ្យ​ការ​ហាមឃាត់មិន​ឲ្យ​ចូល​រួម​ទស្សនា​ការ​ប្រកួត។

          លោក Bruce Buck ជា​នាយក​ក្លឹបឆេលស៊ីបាន​និយាយថា “​ប្រសិនបើ​អ្នក​គ្រាន់តែ​ហាមឃាត់ពួកគេ អ្នក​នឹងមិនអាចផ្លាស់ប្តូរ​ឥរិយាបថ​របស់ពួកគេបានទេ។ គោលនយោបាយនេះផ្តល់ឱកាស​ឲ្យ​ពួកគេ​ដឹងពីអ្វីដែល​ពួកគេបានធ្វើនិង​ធ្វើ​ឲ្យ​ពួកគេ​មាន​ឥរិយាបថ​ប្រសើរជាងមុន”។

          លោកបន្ត​ថា “​កន្លងមក យើង​នាំខ្លួន​ពួកគេចេញពី​ក្រុម​មនុស្ស​ និង​ហាមឃាត់​ពួកគេ​រហូត​ដល់បីឆ្នាំ។ នៅពេល​នេះ យើងនិយាយថា ការ​ធ្វើបែប​នេះ​មិន​ត្រឹមត្រូវទេ។ អ្នក​មានជម្រើស​។ យើង​អាចហាមឃាត់អ្នក​ឬអ្នកអាចចំណាយ​ពេល​ខ្លះជាមួយ​មន្ត្រីរបស់យើង​ ស្វែង​យល់ពីអ្វីដែល​អ្នក​បាន​ប្រព្រឹត្តខុស។

          ក្លឹបឆេលស៊ី​បាន​រិះគន់​អ្នក​គាំទ្រ​របស់ខ្លួន​មួយចំនួន​ជាសាធារណៈ​ចំពោះ​សកម្មភាពស្រែកហ៊ោបែប​រើស​អើងពូជសាសន៍​ដាក់​ក្រុម Tottenham កាល​ពីខែ​កញ្ញាឆ្នាំ​២០១៧៕

adverise with khmeread