អាវុធហត្ថរាជធានីបញ្ជូនជនសង្ស័យ ៦ នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

​ភ្នំពេញ​ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៦ នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ រួម និងក្រាមពណ៌សថ្លា ០៩កញ្ចប់ (ប្រភេទម៉ាទឹកកក) នៅថ្ងៃទី០១២ ខែតុលា ឆ្នាំ២០១៨។ 

​មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យទាំង ០៦នាក់ដែលបាន ឃាត់ខ្លួនបាន រួមមាន​ ១- ឈ្មោះ បូ នី ភេទប្រុស អាយុ ៣១ឆ្នាំ និង២- ឈ្មោះ ម៉ៅ វុធ ហៅក្រុត ភេទប្រុស អាយុ ៣១ឆ្នាំ ពួកគេទាំង ០២នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាន​។ ក្រោយពេលដែលពួកគេប្រើប្រាស់គ្រឿងញៀន ហើយបានបន្តទៅលួចកាត់ខ្សែភ្លើង និងដែក កាលពីវេលាម៉ោង០១ និង០៥នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុច ផ្លូវ៦០មក្បែររបងអគ្គិសនី ភូមិព្រែកតាណូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ចំណែកជនសង្ស័យ ០៤ នាក់ ផ្សេងទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ ក្នុងនោះមាន​ ១- ឈ្មោះ ច្រឹក ផាន់ណា ភេទប្រុស អាយុ ២៧ឆ្នាំ​, ២+ ឈ្មោះ សួស សុខឡេង ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០និង១០នាទីយប់ នៅចំណុច ផ្លូវបេតុងជាប់របងវត្តជាន់ឯក ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ, ៣- ឈ្មោះ ប៉ិល ឡែន ភេទប្រុស អាយុ ៣៨ឆ្នាំ (ធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទមនុស្សឃាត) និង៤- ឈ្មោះ ហឹម សុភាស់ ហៅពៅ ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០ និង៣០នាទី នៅចំណុច ផ្លូវលំ ក្រុមទី៩ ភូមិព្រែក ទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

​តាមការសាកសួរ ក៏ដូចជាចម្លើយសារភាពរបស់ពួកគេទាំង ០៦នាក់ ខាងលើ បានប្រាប់ឱ្យដឹងថា ពួកគេ ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀនពិតប្រាកដមែន ហើយគ្រឿងញៀនទាំង ០៩កញ្ចប់នេះ គឺពួកខ្លួនបានទិញយកមកប្រើប្រាស់ទាំងអស់គ្នា ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង និងប្រមូលវត្ថុតាងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់​​៕


 

adverise with khmeread