adverise with khmeread 1

​ធ្វើដំណើរ​ទៅ​ភព​អង្គារ​ត្រឹមតែ ៣០ នាទី​? អង្គការ​ណា​សា​ថា​អាចទៅរួច​!

​ស្តាប់ទៅ​ដូចជា​រឿងប្រឌិត​វិទ្យាសាស្ត្រ ប៉ុន្តែ​អ្នក​វិ​ទ្យ​សាស្ត្រ​ប្រហែលជា​រកឃើញ​វិធី​ដើម្បី​នាំ​ពួកយើង​ទៅកាន់​ភព​អង្គារ​លឿន​ជាង​ការធ្វើដំណើរ​ទៅវិញទៅមក​ពី​ផ្ទះ​និង​កន្លែងធ្វើការ​ទៅទៀត​។​

​អ្នកស្រាវជ្រាវ​នៅ​អង្គការ​ណា​សា​កំពុងតែ​អភិវឌ្ឍ​ទ្រឹស្តី​ប្រព័ន្ធ​រុញច្រាន​ដោយ​ប្រព័ន្ធ​ឡាស៊ែរ ដែល​វា​នឹង​ជួយ​លុបបំបាត់​ការប្រើប្រាស់​ប្រេងឥន្ធនៈ​និង​អាច​បង្កើនល្បឿន​ដល់​យានអវកាស​ដល់​ទៅ ២៦% នៃ​ល្បឿន​ពន្លឺ​។​

​នៅ​ល្បឿន​នេះ យាន​តូច​មួយ​អាចធ្វើ​ដំណើរ​ទៅ​ភព​អង្គារ​ត្រឹមតែ ៣០ នាទី​ប៉ុណ្ណោះ និង​អាចធ្វើ​ដំណើរ​ផ្សងព្រេង​ដ៏​គ្រោះថ្នាក់​រយៈពេល ១៥ ឆ្នាំ ទៅកាន់​ប្រព័ន្ធ​ផ្កាយ​ដែល​នៅ​ជិត​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​បំផុត​គឺ Alpha Centauri ដែលមាន​ចម្ងាយ​ដល់​ទៅ​បួន​ឆ្នាំ​ពន្លឺ​។​

​ប៉ុន្តែ​បើតាម​បច្ចេកវិជ្ជា​របស់​យើង​បច្ចុប្បន្ន យើង​ត្រូវ​ចំណាយពេល​ពី​បួន​ទៅ​ប្រាំបី​ខែ​ដើម្បី​ទៅដល់​ភព​អង្គារ​។ ទន្ទឹមនឹង​នេះដែរ យាន Voyager 1 បាន​ចំណាយពេល ៣៥ ឆ្នាំ​ដើម្បី​ធ្វើដំណើរ​ទៅដល់​ចុង​ប្រព័ន្ធ​ព្រះអាទិត្យ ខណៈ​វា​ធ្វើដំណើរ​ក្នុង​ល្បឿន ០,០០៦% នៃ​ល្បឿន​ពន្លឺ​។​

​លោក Philip Lubin អ្នក​អវកាស​វិទ្យា​នៅ​សកល​វិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​អះអាងថា ការកសាង​ប្រព័ន្ធ​រុញច្រាន​ដោយ​ឡាស៊ែរ​គឺអាច​ទៅរួច​។ លោក​បាន​បន្តថា "​គ្មាន​ហេតុផល​ណា​ដែលថា​យើង​មិនអាច​ទៅរួច​នោះទេ​"​។​

​ប៉ុន្តែ​គួរឱ្យ​ស្តាយ វា​មាន​បញ្ហា​ទាក់ទង​ទៅនឹង​ទំហំ​របស់​ឧបករណ៍​នេះ​។ ឥឡូវនេះ យើង​មាន​ឧបករណ៍​ឡាស៊ែរ​ប៉ុន​សៀវភៅ​មួយ​ក្បាល​ប៉ុណ្ណោះ ប៉ុន្តែ​លោក Lubin ជឿថា​គេ​ត្រូវការ​ទំហំ​ពន្លឺ​ឡាស៊ែរ​រហូតដល់​ទៅ ១៥,៥ គីឡូម៉ែត្រ​ការ៉េ និង ពន្លឺ​ឡាស៊ែ​រដែ​លអាច​ចេញទៅ​ដង​តារាវិថី​របស់​ផែនដី​ដើម្បី​ឱ្យមាន​កម្លាំង​ខ្លាំង​គ្រប់គ្រាន់​សម្រាប់​រុញ​យានអវកាស​ខ្នាតតូច​ទៅកាន់​ប្រព័ន្ធ Alpha Centauri ក្នុង​រយៈពេល ១៥ ឆ្នាំ​ទៀត​។

​និង​ដំណឹង​អាក្រក់​នោះ​គឺថា វា​មិនបាន​ដោះស្រាយ​បញ្ហា​ធំ​មួយ​ទៀតឡើយ​។ នោះ​គឺ​នៅពេលណា​ដែល​ទៅដល់​គោលដៅ​ហើយ​តើ​គួរ​បញ្ឈប់​យាន​ដូចម្តេច​។ អ្នកវិទ្យាសាស្ត្រ​មិនដឹងថា​គួរតែ​ធ្វើ​យ៉ាងម៉េច​ដើម្បី​បន្ថយល្បឿន​នោះទេ​។ ដូច្នេះ​ប្រហែល​គំនិត​នេះ​ត្រូវការ​ស្រាវជ្រាវ​បន្ថែមទៀត​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់