អូស្ត្រាលីរកឃើញមូសពាំនាំមកជាមួយនូវជំងឺស៊ីសាច់មនុស្ស

យោងតាមការសិក្សាថ្មី មូសជាច្រើនត្រូវបានគេរកឃើញពាំនាំមកនូវជំងឺស៊ីសាច់ក្នុងទីក្រុង Far North រដ្ឋ Queensland ប្រទេសអូស្ដ្រាលី។

ករណីចំនួន ៥ នៃមនុស្សឆ្លងបាក់តេរីស៊ីសាច់ ដែលគេស្គាល់ផងដែរថាដំបៅ Daintree ឬ Buruli ត្រូវបានគេរាយការណ៍ថាកើតឡើងក្នុងទីក្រុង Cairns ភាគខាងជើងរដ្ឋ Queensland ក្នុងឆ្នាំនេះដែរ។

ភាគច្រើននៃអ្នកឆ្លងបាក់តេរីស៊ីសាច់ គឺជាប្រភេទដំបៅ Daintree ដែលវាសម្លាប់កោសិកាក្នុងសរីរាង្គ ឬជាលិការបស់មនុស្ស ត្រូវបានរកឃើញក្នុងតំបន់ Mossman-Daintree និងឆ្នេរ Victoria។

អ្នកជំងឺ 60 នាក់ដែលរងផលប៉ះពាល់ដោយដំបៅ Daintree គឺស្ថិតនៅភាគខាងជើងនៃរដ្ឋ Queensland ក្នុងឆ្នាំ ២០១១ ។

បេក្ខជនវិទ្យាសាស្ដ្រនៅសកលវិទ្យាល័យ James Cook លោក Avishek Singh បានចាប់មូសជិត ១,៧ ម៉ឺនក្បាល ហើយបានរកឃើញថាពួកវាមួយចំនួនបានពាំនាំមកនូវបាក់តេរីដែលស៊ីសាច់ក្នុងមាត់របស់ពួកវា។

លោក Singh បាននិយាយថាបរិមាណតិចតួចនៃមូសដែលត្រូវបានរកឃើញថាមានបាក់តេរី គឺជាការរកឃើញដ៏សំខាន់មួយ។

គាត់បានប្រាប់កាសែត The Courier Mail ថា "ប្រសិនបើអ្នកឆ្លងបាក់តេរីនៅថ្ងៃនេះ វាអាចមានរយៈពេលរហូតដល់ ៦ ខែ មុនពេលរោគសញ្ញាលេចចេញមក" ។

រោគសញ្ញាដំបូងនៃជំងឺនេះ គឺកើតដុំពក ដែលមិនមានការឈឺចាប់ដូចជាពកកូនកណ្តុរជាទូទៅកើតនៅក្នុងដៃ និងជើង។

វាវិវត្ត ជាមួយនឹងដំបៅនិងហើម ដែលធ្វើឱ្យមានការឈឺចាប់ និងនាំឱ្យគ្រុនក្ដៅកម្រិតទាប។

ដោយអាស្រ័យលើស្ថានភាពជំងឺ ការព្យាបាលអាចមានចាប់ផ្ដើមពីការថ្នាំអង់ទីប៊ីយ៉ូទិចរហូតដល់ការវះកាត់ក៏មានដែរ៕


 

adverise with khmeread
tiger
Loading ad ...