សួរទិញធុងបាសមិនលក់យកដាវដេញកាប់ឱ្យរបួសប៉ូលិសវ៉ៃខ្នោះ

​ភ្នំពេញ ៖ មានករណីប្រើអំពើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើដាវកាប់បណ្តាលឱ្យរបួស និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវ) នៅចំណចគល់ស្ពានព្រះមុនីវង្សថ្មី ផ្លូវជាតិលេខ១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៩ តុលា ឆ្នាំ២០១៨ ម៉ោង០២ និង៤០នាទីរំលងអធ្រាត្រ បណ្តាលឱ្យរបួស​រហូតដល់ថ្ងៃទី២០ តុលា ត្រូវប៉ូលិសឃាត់ខ្លួនជនដៃដល់ម្នាក់។

​ប៉ូលិសនិយាយថា  ជនរងគ្រោះឈ្មោះ ព្រេង ភារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ គង់ ប៊ុនវិរៈបុត្រ ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ​ខណ្ឌច្បារអំពៅ។ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន។

​ប៉ូលិសបន្តថា​ កាលពីថ្ងៃទី១៩ តុលា ២០១៨ ម៉ោង០២ និង៤០នាទី ជនរងគ្រោះកាន់ធុងបាសម៉ាក JBL ដើរចេញពីផ្ទះ មកដល់គល់ស្ពានព្រះមុនីវង្សថ្មី (ចំណុចកើតហេតុ) ក៏បានជួបជនសង្ស័យឈ្មោះ មឿន ចាន់ណារី រួចក៏សុំទិញធុងបាសពីជនរងគ្រោះ តែជនរងគ្រោះពុំលក់ឱ្យ ក៏មានទំនាស់គ្នា​។

​ស្រាប់តែជនសង្ស័យឈ្មោះ មឿន ចាន់ណារី យកដុំថ្មវាយទៅលើជនរងគ្រោះ រួចក៏មានការប្រតាយប្រតប់គ្នា ពេលនោះក៏មានក្មេងទៅប្រាប់ជនសង្ស័យឈ្មោះ គង់ ប៊ុន វិរៈបុត្រ យកដាវមកកាប់ជនរងគ្រោះចំសៀតថ្កាខាងស្តាំ និងម្រាមដៃខាងស្តាំ បណ្តាលឱ្យដួលទៅផ្លូវថ្នល់ រួចជនសង្ស័យនាំគ្នាគេចខ្លួន។ 

​លុះដល់ថ្ងៃទី ២០ តុលា ឆ្នាំ២០១៨ ម៉ោង១០ និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ គង់ ប៊ុន វិរៈបុត្រ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និងដកហូតដាវ ០១ដើម បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕


 

adverise with khmeread