បុរសចិនម្នាក់ជិះម៉ូតូសុខៗត្រូវរថយន្តបុកពីក្រោយ ផ្ទប់របាំងថ្មបែកក្បាលស្លាប់ភ្លាម

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានបាត់បង់ជីវិត ខណៈកំពុងបើកម៉ូតូ ត្រូវរថយន្តបុកពីក្រោយ នៅវេលាម៉ោង១ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​។

​សមត្ថកិច្ចនិយាយថា ​សពបុរសរងគ្រោះឈ្មោះ JIN  BAOSONG ​(ជិន  បាវសុង) ភេទប្រុស  អាយុ៣៧ឆ្នាំ ជនជាតិចិន ធ្វើការនៅ ក្រុមហ៊ុនស៊ិចផ្លាស  អ៊ិនដាសស្រ៊ិយ  ធ្វើដំណើរដោយម៉ូតូម៉ាក ហុងដាឌ្រីម២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1K-9708 មិនមានពាក់មួកសុវត្ថិភាព​។ 

​ប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា ដំបូងគេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីត្បូងទៅជើង​។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក ( ធ្វើដំណើរស្របទិសគ្នា ) បុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះបោកក្បាលទៅនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បែកស្លាប់ភ្លាមៗ​។ ចំណែកឯរថយន្តបង្កបានបើកគេចបាត់​។ 

​ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការវាស់វែង និងឆែកក្នុងកាបូបឃើញលុយដុល្លារចំនួន១០០$ និងកាតផ្សេងៗចំនួន៧សន្លឹក ហើយយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌពោធិ៍សែនជ័យ​។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងរៀបចំដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្វែងរកសាច់ញាតិ មកចាត់ចែងធ្វើបុណ្យនៅពេលក្រោយ​៕

adverise with khmeread