យុវជន២នាក់ចេញឆក់ទូរស័ព្ទដួលម៉ូតូ ពលរដ្ឋចាប់បានប្រគល់ឱ្យប៉ូលិស

​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន ​ប្រគល់​ឱ្យប៉ូលិស​បឹងកក់​ទី​២​  បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ មិន​បានសម្រេច​ កាល​ពី​វេលាម៉ោង​៧និង​១០នាទី​យប់​ ថ្ងៃ​​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាង​កើតសាលាវ៉េសស្ទើន ប្រមាណ៥០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​៥៦៦​ ស្ថិតក្នុងសង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក​។ 

​ប៉ូលិសនិយាយថា ​ជនសង្ស័យ​ទី១. ឈ្មោះ​ ឌី​ ដារ័ត្ន​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​ពិតប្រាកដ​ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី​ខណ្ឌ​សែនសុខ​ និងទី២​.​ឈ្មោះ​ម៉ៅ​ បញ្ញា​ អាយុ​១៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅ​សង្កាត់​ព្រែកឯង​ ខណ្ឌ​ច្បារ​អំពៅ​។ ពួកគេប្រើប្រាស់មធ្យោបាយ ម៉ូតូម៉ាក​ហុងដាស្កុប​ពី ស៊េរី​២០១៩ ​ពណ៌ស​ គ្មានស្លាកលេខ។ 

​តាមសម្តី​ពីនារីរងគ្រោះឈ្មោះ​ សោ​ ភ័ណ្ឌ​ អាយុ៣២ឆ្នាំ​ បានរៀបរាប់​ប្រាប់​ឱ្យ ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ ​គាត់និងកូនស្រី រួមទាំងក្មួយប្រុសតូចៗ២នាក់ បានជិះម៉ូតូកង់បីឥណ្ឌា​ តាមបណ្ដោយ​ផ្លូវលេខ​៥៦៦​ ក្នុង​ទិសដៅ​ពីលិចទៅ​កើត​ ដោយជិះចេញ​ពី​ផ្ទះ​នៅ​ម្តុំ​កាំខូស៊ីធី​ បំណងជិះទៅញ៉ាំសាច់អាំងនៅម្តុំផ្សារទួលគោក​។

​លុះមកដល់ចំណុចកើតហេតុ​ ក៏ស្រាប់​តែលេចមុខជនសង្ស័យជិះ​ម៉ូតូមកពីក្រោយ​ បានធ្វើសកម្មភាព​ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក​ សាំសុងអេសហ្វាយ​ ពីគាត់ (ជនរងគ្រោះ) ដែលកំពុងតែកាន់លេង​ហ្គេម តែមិនបានសម្រេច​​។ 

​ប្រភពបន្តថា ភ្លាមៗ​នោះអ្នកបើកម៉ូតូកង់បី បានឃើញទាន់ ក៏បើកម៉ូតូកៀរ ម៉ូតូរបស់ជនសង្ស័យបណ្តាលឱ្យម៉ូតូរបស់ជនសង្ស័យដួល បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលនៅក្បែរនោះ ចេញមកជួយចាប់បាន​រួច​ក៏​ប្រគល់​ទៅឱ្យសមត្ថកិច្ច​មូល​ដ្ឋាន​។ 

​ក្រោយ​ពេល​កើត​ហេតុ​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាង​លើ​រួម​ទាំង​វត្ថុ​តាង ​ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍​រដ្ឋ​បាល​បឹងកក់​ទី​២ ដើម្បី​កសាងសំណុំ​រឿង​ បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​ប៉ូលិស​ខណ្ឌ​ទួលគោក ​រង់ចាំ​ធ្វើ​ការ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread