ចោរ៣នាក់លួចទូរស័ព្ទ៦គ្រឿង, ប៉ូលិសចាប់បានម្នាក់ដកហូតទូរស័ព្ទ១គ្រឿង

​ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ត្រូវបានប៉ូលិសចាប់ខ្លួនក្នុងករណីលួចទូរស័ព្ទដៃ នៅក្នុងទីតាំងអង្គការអេមេរ៉ាត់ ភូមិព្រែកតាពៅ ​សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ​កាលពីថ្ងៃទី ​២៣ តុលា ឆ្នាំ២០១៨ ម៉ោង០៤ និង៣០នាទី។

​ប៉ូលិសនិយាយថា ១-ជនរងគ្រោះឈ្មោះ ប៊ូ ស៊ីហេង ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករសំណង់និង២-ជនរងគ្រោះឈ្មោះ យ៉ា អូស្មាក់ ភេទស្រី អាយុ៤៨ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរចុងភៅ។ ទាំង០២នាក់ ស្នាក់នៅចំណុចកើតហេតុ។

​ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ សេត សាលីម ហៅទួន លីម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន។  

​ប៉ូលិសបន្តថា​ មុនពេលកើតហេតុជនរងគ្រោះទាំង០២នាក់ បានបិទទ្វារបន្ទប់ រួចក៏សម្រាក។ រហូតដល់ម៉ោង០៤ និង៣០នាទី ឈានចូលថ្ងៃទី២៣ តុលា ២០១៨ ស្រាប់តែមានជនសង្ស័យ០៣នាក់ ឈ្មោះសេត សាលីម, ឈ្មោះ នី អារីហ្វីន និងឈ្មោះ ហួច បាននាំគ្នាចូលមកលួចទូរស័ព្ទដៃជនរងគ្រោះទាំង០២នាក់ សរុប០៦គ្រឿង (ម៉ាកសាមសុង ០២គ្រឿង, ម៉ាកអាយហ្វូន ០១គ្រឿង, ម៉ាកអាយផេត០១គ្រឿង, ម៉ាកស៊ីថេល០១គ្រឿង, ម៉ាកណូគារ០១គ្រឿង) រួចនាំគ្នាគេចខ្លួន។ 

​លុះដល់ម៉ោង៥ល្ងាច ថ្ងៃដដែល សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សេត សាលីម នៅភូមិ ព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដកហូតបានទូរស័ព្ទដៃ០១ គ្រឿង ម៉ាកស៊ីថេលពណ៌ស ជារបស់ជនរងគ្រោះ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា ចាត់ការតាមច្បាប់។ 

​កន្លងមកជនសង្ស័យឈ្មោះ សេត សាលីម មានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៦៧ ចុះថ្ងៃទី១៦-០៣-២០១៨ ចេញដោយលោកម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ លួចម៉ូទ័រ និងទូរស័ព្ទប្រព្រឹត្តនៅចំណុចផ្ទះសាងសងថ្មី ផ្លូវ ៣៦៩ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៤-០១-២០១៨។

​បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

adverise with khmeread