ពិតជាល្អណាស់សម្រាប់អ្នកកើតជំងឺលើសឈាម! ពិសាអាហារ ៨ មុខនេះជួយបន្ថយសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាព

សម្ពាធឈាមខ្ពស់ជាទូទៅត្រូវបានគេហៅថា ជំងឺលើសឈាម ហើយវាមានន័យថា បំពង់សរសៃឈាមរបស់លោកអ្នករងសម្ពាធខុសប្រក្រតី។ យូរៗទៅ ការកើនឡើងសម្ពាធឈាមនឹងធ្វើឱ្យខ្សោយសរសៃឈាម និងអាចនាំទៅរកជំងឺបេះដូង ជំងឺតម្រងនោម ជំងឺស្ត្រូក និង បញ្ហាដទៃទៀត។ 

ជំងឺលើសឈាមអាចនឹងកើតឡើងដោយមិនបានដឹងខ្លួនជាច្រើនឆ្នាំ ព្រោះគ្មានរោគសញ្ញាប្រាប់ឱ្យដឹងទេនៅមុនពេលជំងឺមួយទៀតកើតឡើង។ វាជាការចាំបាច់ណាស់ក្នុងការពិនិត្យសម្ពាធឈាមឱ្យបានទៀងទាត់!

កត្តាហានិភ័យជាក់លាក់ដទៃទៀតសម្រាប់សម្ពាធឈាមខ្ពស់ គឺមិនអាចគ្រប់គ្រងបានទេ ដូចជា ប្រវត្តិគ្រួសារ ពូជសាសន៍ ភេទ និង អាយុ។ ប៉ុន្តែរបបអាហារ និងលំហាត់ប្រាណអាចដើរតួនាទីដ៏សំខាន់ ហើយវាជាអ្វីដែលអ្នកអាចគ្រប់គ្រងបាន។ 

និយាយជារួម ដើម្បីបន្ថយសម្ភាធឈាមតាមរយៈរបបអាហារ គឺត្រូវប្រកាន់ខ្ជាប់នឹងអាហារណាដែលសម្បូរជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងហ្វាយបឺ ប៉ុន្តែត្រូវឱ្យកម្រិតសូដ្យូមទាបបំផុត។ 

អាហារដើម្បីបន្ថយសម្ពាធឈាមទាំងនោះរួមមាន៖ 
១. បន្លែស្លឹកបៃតង
សូដ្យូមគឺជាសារធាតុបង្កបញ្ហាធំ នៅពេលនិយាយអំពីការកើនឡើងសម្ពាធឈាម។ ប៉ូតាស្យូមអាចជួយតម្រងនោមរបស់អ្នកដើម្បីលាងសម្អាតសូដ្យូមតាមរយៈទឹកនោម ដែលជាហេតុជួយកាត់បន្ថយការឡើងសម្ពាធឈាម។ បន្លែស្លឹកបៃតងគឺជាប្រភពដ៏អស្ចារ្យនៃសារធាតុចិញ្ចឹមដ៏ចាំបាច់មួយនេះ ជាពិសេស សាឡាត់ តាំងអោ ស្ពៃស ស្ពៃស្ពីណាច ស្ពៃក្រញាញ់ ។ល។

២. ប្រភេទផ្លែបឺរី
ពពួកផ្លែបឺរី ជាពិសេសផ្លែបឺរីខៀវ គឺផ្ទុកទៅដោយសារធាតុល្អៗដល់សុខភាព ហៅថា Flavonoids។ ការទទួលទានសារធាតុនេះបានគ្រប់គ្រាន់ក្នុងរបបអាហារ ត្រូវបានផ្សាភ្ជាប់ទៅនឹងការទប់ស្កាត់ការលើសឈាម និងបន្ថយសម្ពាធឈាមចំពោះមនុស្សដែលកំពុងកើតជំងឺលើសឈាម។ 

៣. មើមឆៃថាវក្រហម
មូលហេតុដែលមើមឆៃថាវក្រហមជួយបន្ថយសម្ពាធឈាមគឺដោយសារវាផ្ទុកសារធាតុនីត្រិចអុកស៊ីតដ៏ច្រើនលើសលប់ ដែលជួយបើកសរសៃឈាម និងបន្ថយសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាព។ 

៤. ទឹកដោះគោដែលគេយកក្រែមចេញអស់ និង ទឹកដោះគោជូរ
ជាតិកាល់ស្យូម គឺសម្បូរណាស់នៅក្នុងទឹកដោះគោទាំង២ប្រភេទនេះ ហើយវាដើរតួនាទីសំខាន់ក្នុងការបន្ធូរសរសៃឈាម និងបន្ថយសម្ពាធឈាម។ 

៥. នំស្រូវសាលី
នំធ្វើពីស្រូវសាលីមានអត្ថប្រយោជន៍ណាស់ក្នុងការបន្ថយសម្ពាធឈាម។ ទទួលទានស្រូវសាលី ១០០ ក្រាម អ្នកនឹងទទួលបានជាតិហ្វាយបឺ ១០ ក្រាម ជាតិកាល់ស្យូម ៣៥២ ក្រាម និង ប៉ូតាស្យូម ៣៥៩ ក្រាម។ 

៦. ចេក
ជាតិប៉ូតាស្យូមគឺសម្បូរណាស់នៅក្នុងចេក ដូច្នេះវានឹងជួយបន្ថយសម្ពាធឈាមតាមរយៈការបណ្តេញជាតិសូដ្យូមតាមរយៈទឹកនោម។ 

៧. ខ្ទឹមស និងគ្រឿងសម្លផ្សេងៗដទៃទៀតz
ដូចមើមឆៃថាវក្រហមដែរ ខ្ទឹមសផ្ទុកនូវសារធាតុនីត្រិចអុកស៊ីត ដែលជួយបើកសរសៃឈាម និងបន្ថយសម្ពាធឈាម។ 

៨. សូកូឡាខ្មៅ
ប្រសិនបើអ្នកចង់បានរបស់ផ្អែមខ្លះ គឺទទួលទានសូកូឡាខ្មៅ។ ការសិក្សារបស់សាកលវិទ្យាល័យ Harvard University រកឃើញថា ទទួលទានសូកូឡាខ្មៅមួយដុំតូចរាល់ថ្ងៃជួយបន្ថយសម្ពាធឈាមចំពោះអ្នកជំងឺលើសឈាម៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត