អ្នកវិទ្យាសាស្ត្ររកឃើញផ្ទាំងទឹកកករាងចតុកោណកែងទី២នៅទ្វីបអង់តាក់ទិក

ទោះបីផ្ទាំងទឹកកករាងចតុកោណកែងទីមួយបានល្បីនាពេលថ្មីៗនេះបន្ទាប់ពីរូបថតរបស់វាបានរីករាលដាលតាមរយៈបណ្តាញសង្គមដូចជាភ្លើងឆេះព្រៃនោះ តាមពិតទៅវាមិនមែនជាផ្ទាំងទឹកកករាងចម្លែកតែមួយគត់នោះទេដែលអ្នកស្រាវជ្រាវបានជួបប្រទះកាលពីដើមខែនេះ។

ក្នុងអំឡុងពេលនៃការស្ទាបស្ទង់ពីលើអាកាសនៃប្រតិបត្តិការរបស់នាវា IceBridge កាលពីថ្ងៃទី ១៦ ខែតុលា ដោយបន្ថែមលើការរកឃើញផ្ទាំងទឹកកកជ្រុងបច្ចុប្បន្ន (ជួនកាលគេហៅថា តារាង A) អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់លោក Jeremy Harbec ក៏បានរកឃើញផ្ទាំងទឹកកករាងចតុកោណកែងមួយផ្សេងទៀតផងដែរ ដែលអណ្តែតនៅក្បែរនោះ។

រូបភាពថ្មីដែលត្រូវបានចែករំលែកដោយអង្គការណាសា កាលពីថ្ងៃអង្គារទី២៣តុលា បានបង្ហាញពីផ្ទាំងទឹកកកដ៏ល្បីល្បាញរាងចតុកោណកែងលេចឡើងនៅក្បែរម៉ាស៊ីនយន្តហោះរបស់លោក Jeremy Harbec ខណៈកូនភ្លោះរបស់វា (តារាង B) បានបង្ហាញវត្តមាននៅពីចម្ងាយ។ ផ្ទាំងទឹកកកទីពីរឈ្មោះ A-68 ក៏អាចត្រូវបានមើលឃើញពីចម្ងាយផងដែរ។

យោងតាមមន្ត្រីរបស់អង្គការណាសាបានឱ្យដឹងថា ផ្ទាំងទឹកកករាងចតុកោណកែងទាំង២នេះហាក់ដូចជា "ទើបកាត់រួចថ្មីៗ" ចេញពីផ្ទាំងទឹកកកឈ្មោះ Larsen C ។

លោក Jeremy Harbec និយាយថា "ខ្ញុំគិតថាវាគួរឱ្យចាប់អារម្មណ៍ណាស់។ ជារឿយៗ ខ្ញុំឃើញផ្ទាំងទឹកកកពុំសូវមានគែមជ្រុងស្រួចៗអ៊ីចឹងទេ ប៉ុន្តែខ្ញុំពិតជាមិនដែលឃើញផ្ទាំងទឹកកកណាមួយពីមុនទេ ដែលមានរាងជ្រុងបែបនេះ"។

យោងតាមអង្គការណាសា ប្រតិបត្តិការ IceBridge គឺជាការអង្កេតពីលើអាកាសរយៈពេលវែងបំផុតទៅលើតំបន់ប៉ូល។ កម្មវិធីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាទូទៅដើម្បីកត់ត្រាអំពីការផ្លាស់ប្តូរផ្ទាំងទឹកកក។ ការហោះហើរកាលពីថ្ងៃទី ១៦ ខែតុលារបស់លោក Jeremy Harbec គឺជាផ្នែកមួយនៃការដាក់ពង្រាយរយៈពេល ៥ សប្តាហ៍ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ១៨ ខែវិច្ឆិកា៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត