កីឡាការិនីវ័យជំទង់របស់ជប៉ុនអាយុ១៩ឆ្នាំ រត់ម៉ារ៉ាតុងបណ្តាក់គ្នាភ្លាត់ស្នៀតដួលប្រេះឆ្អឹងជើង តែសុខចិត្តវារទាំងឈឺជើងនិងហូរឈាមជង្គក់កក្លាក់ដើម្បីទៅដល់ទីផ្តាច់ព្រ័ត្រ

នេះជាពេលវេលាដ៏អស្ចារ្យបំផុត ដែលកីឡាការិនីវ័យជំទង់ម្នាក់ដួលថ្លោះជើងអំឡុងពេលរត់បណ្តាក់ម៉ារ៉ាតុងនោះ បានទៅដល់ទីផ្តាច់ព្រ័ត្រដោយវារនឹងក្បាលជង្គង់របស់នាង។ 

នាង Rei Iida អាយុ ១៩ ឆ្នាំ បានរត់ដួលប្រេះឆ្អឹងជើងខណៈនៅសល់ត្រឹមតែ ១៨៣ ម៉ែត្រទៀតនឹងទៅដល់ទី ក្នុងចំណោមការរត់ចម្ងាយម៉ារ៉ាតុង ២,៥ គីឡូម៉ែត្ររបស់នាងនៅទីក្រុង Fukoka ប្រទេសជប៉ុន (២៦ តុលា) ។

ទោះបីរងរបួសឈឺចាប់យ៉ាងនេះក្តី ក៏និស្សិតសាកលវិទ្យាល័យរូបនេះនៅតែប្តេជ្ញាចិត្តវារទៅដល់ទីឱ្យទាល់តែបាន។ 

វីដេអូបានបង្ហាញនាង Lida វារលើផ្លូវរត់ប្រណាំងឱ្យបានលឿនតាមដែលអាចធ្វើបាន ទាំងខ្លួននាងកំពុងអូសជើងរបួសយ៉ាងលំបាក និងទស្សនិកជនព្រមទាំងអ្នកស្ម័គ្រចិត្តជាច្រើននាក់នាំគ្នាស្រែកអបអរដល់នាង។ 

នាងប្តេជ្ញាចិត្តទៅដល់ទីឱ្យទាល់តែបាន ទោះបីត្រូវរងរបួសដោយទាំងបាតដៃ និងជង្គង់របស់នាងក៏ដោយ ហើយបន្សល់នូវស្នាមឈាមមើលឃើញច្បាស់ក្រឡែតពីក្រោយខ្នងនាងទៀតផង។

ខណៈមិត្តរួមក្រុមរង់ចាំរត់បណ្តាក់ពីនាងទាំងទឹកភ្នែក នាង Lida ទីបំផុតបានវារទៅដល់ទីទាំងហូរឈាមកក្លាក់ពេញក្បាលជង្គង់។ 

ប្រធានគណៈកម្មការដាក់ពិន្ទុក្រោយមកបានប្រាប់កាសែតក្នុងស្រុកថា "ខ្ញុំពិតជាពិបាកក្នុងការសម្រេចថាតើត្រូវបញ្ឈប់នាងឬយ៉ាងណា ប៉ុន្តែខ្ញុំមានអារម្មណ៍ថា នាងអាចធ្វើវាបាន ព្រោះនាងស្ទើរតែទៅដល់ទីរបស់នាងទៅហើយ"។ 

យោងតាមវេបសាយ Runnners World អ្នករត់ម៉ារ៉ាតុងវ័យជំទង់នេះបានបដិសេធគ្រប់គ្នាដែលចង់ជួយគ្រានាង ហើយសួរពួកគេវិញថា "សល់ប៉ុន្មានម៉ែត្រទៀតទើបដល់ទីរបស់ខ្ញុំ?"។ 

វេបសាយដដែលរាយការណ៍ថា នាង Lida ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ បន្ទាប់ពីឆ្លងផុតខ្សែបន្ទាត់ទី និងត្រូវបានពិនិត្យឃើញប្រេះឆ្អឹងជើង ដោយត្រូវការពេលច្រើនខែទើបជាសះស្បើយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...