ចិនឥឡូវអាចបង្កើតមនុស្សយន្តប្រែកាយបានគ្រប់ទម្រង់និងជួសជុលខ្លួនវាបានដូចមនុស្សយន្តក្នុងរឿង Terminator យ៉ាងអ៊ីចឹង

មនុស្សយន្តដែកទន់ ដែលអាចប្រែរូបបានគ្រប់ទម្រង់និងជួសជុលខ្លួនវាពីការខូចដូចមនុស្សយន្តនៅក្នុងរឿង Terminator ឆាប់ៗនេះអាចនឹងក្លាយជាការពិតមែនហើយ។

ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិនបានផលិតមនុស្សយន្តគំរូប៉ុនបាតដៃ ដែលបំផុសគំនិតតាមមនុស្សយន្ត T-1000 ពីរឿងវិទ្យាសាស្ដ្រប្រឌិតនេះ ទោះបីវាមិនកាចដូចក្នុងរឿងក៏ដោយ។

មនុស្សយន្តតូចដែលអាចផ្លាស់ប្តូររូបរាងរបស់វាបាននេះ អាចនឹងយកទៅប្រើដើម្បីចូលទៅក្នុងបរិស្ថានដែលពិបាកសម្រាប់មនុស្សដើម្បីរុករកនៅតំបន់គ្រោះមហន្តរាយជាដើម។

មនុស្សយន្តគំរូ ដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជារបស់ចិននិងសាកលវិទ្យាល័យវ៉ូលឡុងហ្គុងរបស់អូស្ត្រាលីនេះ ត្រូវបានបង្កើតឡើងពីកង់ប្លាស្ទិកតូចមួយ ថ្មលីចូម និងសំណ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post (SCMP)។

យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា សំយោគលោហៈធាតុទន់នេះគឺមានលក្ខណៈពិសេសសម្រាប់មនុស្សយន្តទន់ ដោយសារតែលក្ខណៈចម្លងកម្តៅអគ្គិសនីខ្ពស់ ផ្ទៃណែនអាចគ្រប់គ្រងបាន និងភាពបត់បែនរបស់វា។

នេះអាចបង្ហាញពីអត្ថប្រយោជន៍សម្រាប់ការអនុវត្តផ្សេងៗជាច្រើនចាប់ពីផ្នែកយោធារហូតដល់ផ្នែកវេជ្ជសាស្ត្រ។

ក្រុមអ្នកស្រាវជ្រាវបានប្រាប់ SCMP ថា ឧទាហរណ៍ មនុស្សយន្តតូចល្អិតអាចត្រូវបានប្រើដើម្បីដឹកជញ្ជូនថ្នាំតាមរយៈរាងកាយនិងវាយប្រហារដោយផ្ទាល់ទៅលើកោសិកាមហារីក។

លោក Tang Shiyang មកពីសាកលវិទ្យាល័យវ៉ូលឡុងហ្គុង បានប្រាប់ SCMP ថា "នាពេលអនាគតយើងរំពឹងថានឹងបង្កើតមនុស្សយន្តទន់បន្ថែមទៀតដោយបញ្ចូលដែកទន់ដែលអាចប្រើនៅក្នុងបេសកកម្មពិសេសដូចជាការស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះដោយការរញ្ជួយដី ដោយសារតែពួកវាអាចប្រែរូបរាងដើម្បីរុលចូលក្រោមទ្វារឬអាចឆ្លងកាត់ចន្លោះដែលមនុស្សមិនអាចចូលបាន"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត