យានរ៉ុក្កែតផលិតដោយក្រុមហ៊ុនឯកជនចិនដើម្បីប្រជែងជាមួយក្រុមហ៊ុន SpaceX របស់អាមេរិក បរាជ័យ ហោះមិនដល់ដងតារាវិថី

យានរ៉ុក្កែតរបស់ចិនដែលអភិវឌ្ឍដោយក្រុមហ៊ុនឯកជនមួយបានបរាជ័យមិនអាចហោះដល់ដងតារាវិថី បន្ទាប់ពីបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan កាលពីថ្ងៃសៅរ៍ ដែលជាការខកចិត្តមួយចំពោះការប៉ុនប៉ងលើកដំបូងរបស់ក្រុមហ៊ុនឯកជនចិនមួយនេះដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន SpaceX របស់លោក Elon Musk។

យានរ៉ុក្កែត ៣ ដំណាក់កាល ឈ្មោះ Zhuque-1 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Landspace ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ ក្រុមហ៊ុននេះបានឱ្យដឹងនៅក្នុង Microblog បន្ទាប់ពីដំណាក់កាលទី ១ និងទី ២ ថា យាននេះមិនបានឈានដល់គន្លងគោចរបាន ដោយសារតែបញ្ហាមួយនៅដំណាក់កាលទី៣។

ក្រុមហ៊ុននេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ដោយពុំមានការបញ្ជាក់លម្អិតយ៉ាងដូច្នេះថា "មុនពេលបាញ់បង្ហោះរ៉ុក្កែត Zhuque-1 បេសកកម្មរបស់វាបានធ្វើរួចសព្វគ្រប់ទៅហើយ"។

ក្រុមហ៊ុន Landspace ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ហើយមិនយូរប៉ុន្មានបានប៉ុនប៉ងក្លាយជាក្រុមហ៊ុនឯកជនចិនដំបូងគេ ដែលនឹងដឹកផ្កាយរណបទៅដងតារាវិថី។ 
ក្រុមហ៊ុននេះបាននិយាយថា ខ្លួនគឺជាក្រុមហ៊ុនឯកជនដំបូងគេដែលទទួលបានអាជ្ញាប័ណ្ណនៅក្នុងប្រទេសចិនដើម្បីចាប់ផ្តើមបាញ់បង្ហោះរ៉ុក្កែត។

នៅពេលបង្ហោះកាលពីថ្ងៃសៅរ៍ យានរ៉ុក្កែត Zhuque-1 កំពុងដឹកផ្កាយរណបមួយឈ្មោះ "Future" ដែលផលិតឡើងសម្រាប់ទូរទស្សន៍ CCTV។

កាលពីខែឧសភា ចិនបានបាញ់បង្ហោះយានរ៉ុក្កែតឈ្មោះ "Chongqing Liangjiang Star" ទៅដងតារាវិថី ដែលវាជារ៉ុក្កែតដំបូងបង្កើតឡើងដោយក្រុមហ៊ុនឯកជន OneSpace Technology ដែលមានមូលដ្ឋាននៅប៉េកាំង។

ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ ២០១២ មកលោក ស៊ី ជីនពីង បានកំណត់យក "មហាអំណាចយានអវកាស" ជាអាទិភាពនៅក្នុងរដ្ឋាភិបាល ដែលមានគោលដៅបញ្ជូនស្ថានីយអវកាសមានមនុស្សជាអចិន្ត្រៃយ៍ចូលទៅដងតារាវិថីនៅប្រហែលឆ្នាំ ២០២២៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត