ក្លឹប Leicester បញ្ជាក់ជាផ្លូវការហើយថា មហាសេដ្ឋីថៃម្ចាស់ក្លឹបរបស់ខ្លួនបានស្លាប់ហើយក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

ក្លឹបកញ្ជោងស Leicester City បានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យថា មហាសេដ្ឋីជនជាតិថៃម្ចាស់ក្លិប Leicester បានស្លាប់ នៅពេលដែលឧទ្ធម្ភាគចក្ររបស់គាត់បានធ្លាក់នៅចម្ងាយតែប៉ុន្មានម៉ែត្រពីកីឡដ្ឋានរបស់ក្លឹបកាលពីថ្ងៃសៅរ៍។

សេចក្តីថ្លែងការណ៍របស់ក្លឹបបញ្ជាក់ថាលោក Vichai Srivaddhanaprabha និងមនុស្ស ៤ នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅពេលដែលឧទ្ធម្ភាគចក្របានធ្លាក់ពីលើមេឃហើយឆាបឆេះនៅចុងភាគខាងកើតនៃកីឡដ្ឋាន King Power Stadium នៅម៉ោងប្រហែល ៨ និង ៣០ នាទីយប់។

គេបាននិយាយថា បុរសវ័យ ៦០ ឆ្នាំរូបនេះដែលបានទិញក្លិបនេះក្នុងតម្លៃ ៥០ លានដុល្លារ ក្នុងឆ្នាំ ២០១០ និងបាននាំឱ្យក្លិបក្លាយជាជើងឯកក្របខ័ណ្ឌ Premier League ជាលើកដំបូងក្នុងឆ្នាំ ២០១៥-១៦ គឺជា "បុរសដ៏អស្ចារ្យ"។

ក្លឹបនេះបានបន្ថែមទៀតថា "វាគឺជាសោកស្តាយនិងខូចចិត្តយ៉ាងជ្រាលជ្រៅដែលយើងបញ្ជាក់ថា ប្រធានរបស់យើង លោក Vichai Srivaddhanaprabha  គឺស្ថិតក្នុងចំណោមអ្នកទាំងនោះដែលបានបាត់បង់ជីវិតកាលពីល្ងាចថ្ងៃសៅរ៍នៅពេលដែលឧទ្ធម្ភាគចក្រដឹកគាត់និងមនុស្ស៤នាក់ផ្សេងទៀតបានធ្លាក់នៅខាងក្រៅកីឡដ្ឋាន King Power Stadium។ គ្មាននរណាម្នាក់ក្នុងចំណោមមនុស្ស៥នាក់នៅលើយន្តហោះនៅរស់រានមានជីវិតនោះឡើយ"។

សេចក្តីថ្លែងការណ៍របស់ក្លិបបានឱ្យដឹងទៀតថា "ចំពោះលោក Vichai ពិភពលោកបានបាត់បង់បុរសដ៏អស្ចារ្យ។ បុរសចិត្តល្អ បុរសមានចិត្តសប្បុរស និង បុរសម្នាក់ដែលជីវិតរបស់គាត់គឺត្រូវបានកំណត់ដោយក្តីស្រឡាញ់ ដែលគាត់លះបង់ដើម្បីគ្រួសារនិងអ្នកដែលគាត់បានដឹកនាំដោយជោគជ័យ។ Leicester City គឺជាគ្រួសារដែលស្ថិតនៅក្រោមការដឹកនាំរបស់គាត់។ វាប្រៀបបីដូចជាគ្រួសារមួយដែលយើងនឹងសោកសៅចំពោះការស្លាប់របស់គាត់និងនៅតែបន្តនូវចក្ខុវិស័យសម្រាប់ក្លិបមួយដែលឥឡូវនេះគឺជាមរតករបស់គាត់"។

ក្លឹបនិយាយទៀតថា ការប្រកួតរបស់ក្រុមឈុតធំនៅថ្ងៃអង្គារទី ៣០ តុលាជាមួយក្រុម Southampton ក្នុងក្របខ័ណ្ឌ EFL Cup និង ការប្រកួតរបស់ក្រុមយុវជនជាមួយក្រុម Feyenoord ក្នុងក្របខ័ណ្ឌ Premier League International Cup នឹងត្រូវផ្អាក៕

adverise with khmeread
tiger
Loading ad ...