ទើបចេញពីចូលរួមពិធីមង្គលការគេ គួបផ្សំស្រវឹងផងជិះម៉ូតូចំផ្លូវទួល ដួលបាក់​កស្លាប់ភ្លាមៗ​

ភ្នំពេញ ​៖ បុរសម្នាក់ ជិះម៉ូតូទាំងស្ថានភាពស្រវឹង​ ក្នុងល្បឿនលឿន ចំទម្រេលផ្លូវទាបខ្ពស់ បណ្តាលឱ្យដួលបាក់កស្លាប់ភ្លាមៗ​ កាលពីវេលា​ម៉ោង​១០ និង៤០នាទី​យប់​ ថ្ងៃ​​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៨ ត្រង់ចំណុច​ខាងមុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភីធីធី​ តាម​បណ្ដោយ​មហាវិថីសហព័ន្ធ​រុស្ស៊ី​ ​ស្ថិត​ក្នុង​សង្កាត់​កាកាប​ទី១ ខណ្ឌ​ពោធិ៍​សែនជ័យ​​។ 

​សូមបញ្ជាក់ថា មហាវិថីសហព័ន្ធ​រុស្ស៊ី​ ចាប់ពីត្រង់ចំណុចកើតហេតុ ជិតដល់មុខក្លោងទ្វារព្រលានយន្តហោះ គឺគេអ៊ុតកៅស៊ូមួយភាគខ្ពស់ និងមួយភាគទៀតទាបនៅឡើយ​។ ដូចនេះអ្នកធ្វើដំណើរដោយម៉ូតូ ទោះបីមិនស្រវឹងក៏ដោយ ក៏ភាគច្រើនបិះគ្រោះថ្នាក់ដោយសារក្រឡាច់ដួលដែរ​។  

​ប៉ូលិសនិយាយថា សព​បុរស​រង​គ្រោះ​​ឈ្មោះ​ លៀម​ ទួន​ ភេទប្រុស អាយុ៣៩ឆ្នាំ​ ជាអ្នក​ខ្វៃ​ជ្រូកលក់​ ស្នាក់នៅសង្កាត់ចោមចៅទី៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​ មាន​ស្រុក​កំណើត​នៅ​ខេត្តកំពត​ ធ្វើដំណើដោយម៉ូតូម៉ាក​ ហុងដា​ឃ្លីច​ ស៊េរី២​០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ​ភ្នំពេញ​1GO-3713​​។

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុបានឱ្យដឹងថា​ នៅមុន​ពេល​កើត​ហេតុ​ ជនរងគ្រោះ​ទើបតែចេញពី​ពិធី​មង្គលការគេនៅម្តុំទួលគោក ដោយជិះម៉ូតូបំណង​​ត្រលប់ទៅផ្ទះ​នៅម្តុំ​រង្វង់​មូល​ចោមចៅ​ ដោយធ្វើដំណើរ​ក្នុងស្ថានភាពស្រវឹង​ តាមបណ្ដោយ​មហាវិថីសហព័ន្ធ​រុស្ស៊ី​ ទិសដៅ​ពី​ជើងទៅត្បូង​ និងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ​ចំទម្រេលផ្លូវទាបខ្ពស់ បណ្តាលឱ្យដួលអូស ប្រមាណ៣០ម៉ែត្រ ​បាក់​ក​ស្លាប់​ភ្លាមៗ​តែម្តង​។ 

​ក្រោយពេលកើតហេតុ ក៏ឃើញមានសាច់ញាតិនិងប្រពន្ធរបស់ជនរងគ្រោះ បានមកដល់​កន្លែង​កើត​ហេតុ​ យកសាកសពទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​ ដើម្បី​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab