Apple ចេញ iPad Pro ថ្មីពុំមានប៊ូតុង Home ដូចមុនឡើយ

បន្ទាប់ពីពាក្យចចាមអារ៉ាមជាច្រើនខែកន្លងមកនេះ ទីបំផុតក្រុមហ៊ុន Apple បានលាតត្រដាង iPad Pro ឆ្នាំ ២០១៨ ថ្មីរបស់ខ្លួន។ ដូចការរំពឹងទុក iPad Pro ឆ្នាំ ២០១៨ បានរចនាអេក្រង់ស្ទើរពេញផ្ទៃទាំងអស់ស្រដៀង iPhone ថ្មីដែរ ហើយចំណែកឯប៊ូតុង Home ក៏ត្រូវបានដកចេញផងដែរសម្រាប់ iPad Pro ថ្មីនេះ។

iPad Pro ឆ្នាំ ២០១៨ ពាំនាំមកនូវទំហំអេក្រង់ចំនួន ២ ដោយមួយមានទំហំ ១១ អ៊ីញ និងមួយទៀត ១២,៩ អ៊ីញ ហើយអេក្រង់វាភ្ជាប់មកនូវប្រភេទ Liquid Retina Display ដែលមានវត្តមានលើ iPhone Xr។

ក្រុមហ៊ុន Apple ក៏បានដាក់បញ្ចូលនូវមុខងារ Face ID ក្នុង iPad Pro ថ្មី ដែលវាដំណើរការទាំងបញ្ឈរ និងផ្ដេក។ គួរឱ្យកត់សម្គាល់រន្ធដោយកាស ៣,៥ មិល្លីម៉ែត្របានបាត់ពី iPad ថ្មីឆ្នាំនេះ។

iPad Pro ២០១៨ គឺប្រើនូវបន្ទះឈីប A12X Bionic ដែលធំជាងបន្ទះឈីប A12 bionic ដែលត្រូវបានដាក់ប្រើក្នុង iPhone ទាំងបីម៉ូដែល ដែលចេញក្នុងឆ្នាំនេះ។

Apple ក៏បាននិយាយថា iPad Pro ថ្មី ផ្ដល់នូវក្រាហ្វិកលឿនជាងមុន ២ ដង។ ហើយចំណែកឯរន្ធដោតឆ្នាំងសាកវិញ គឺប្រើប្រភេទ USB-C Type ដូច្នេះអ្នកអាចសាកឆ្នាំង iPhone ស៊េរីថ្មីរបស់អ្នកជាមួយនឹង iPad Pro ២០១៨បាន៕

adverise with khmeread

អ្នកនឹងចូលចិត្ត