ភ្លើងនេះឆេះរាប់ពាន់ឆ្នាំហើយមិនទាន់រលត់ទេ

Aliyeva Rahila និយាយថា "ភ្លើងនេះបានឆេះអស់រយៈពេល ៤០០០ ឆ្នាំមកហើយ ហើយក៏មិនដែលរលត់នោះដែរ។ សូម្បីតែមានភ្លៀងធ្លាក់មកទីនេះ ព្រិល និងខ្យល់ផងនោះ ក៏វាមិនដែលរលត់នោះដែរ"។

អណ្តាតភ្លើងវែងៗកម្ពស់ខ្ទង់១០ម៉ែត្ររ៉េរាំមិនចេះហត់នៅជម្រាលភ្នំ ដោយធ្វើឱ្យថ្ងៃក្តៅស្រាប់កាន់តែក្តៅខ្លាំងជាងមុន។

វាគឺជាភ្នំ Yanar Dag (មានន័យថា "ភ្នំឆេះ") នៅលើឧបទ្វីប Absheron នៃប្រទេសអាហ្សែបៃហ្សង់ កន្លែងដែល Aliyeva Rahila ធ្វើការជាមគ្គុទ្ទេសក៍ទេសចរណ៍។

កកើតឡើងដោយសារផលប៉ះពាល់នៃធនធានឧស្ម័នធម្មជាតិដ៏សម្បូរបែបរបស់ប្រទេស ដែលជួនកាលលេចធ្លាយទៅលើផ្ទៃដីទៀតនោះ ភ្នំ Yanar Dag គឺស្ថិតក្នុងចំណោមកន្លែងដែលមានភ្លើងឆេះដោយឯកឯងជាច្រើនកន្លែងទៀត ដែលធ្វើឱ្យអ្នកទេសចរចាប់អារម្មណ៍ ចំពោះប្រទេសអាហ្សែបៃហ្សង់រាប់ពាន់ឆ្នាំមកហើយ។

អ្នករុករកជនជាតិអ៊ីតាលី ឈ្មោះ Marco Polo បានសរសេរអំពីបាតុភូតអាថ៌កំបាំងនេះ នៅពេលគាត់បានឆ្លងកាត់ប្រទេសនេះនៅសតវត្សរ៍ទី ១៣។ ពួកអ្នកជំនួញតាមផ្លូវសូត្របុរាណផ្សេងទៀតបានពាំនាំដំណឹងអំពីអណ្តាតភ្លើងនេះ នៅពេលពួកគេធ្វើដំណើរទៅប្រទេសដទៃ។

ហេតុដូច្នេះហើយទើបប្រទេសនេះទទួលបានរហស្សនាមថា "ដែនដីអគ្គី"៕ 

 

adverise with khmeread