បង្ហោះអ្វីមួយនៅលើ Facebook ត្រូវប្រយ័ត្ន ព្រោះក្រុមហ៊ុននេះឥឡូវដាក់ដំណើរការបច្ចេកវិជ្ជាមនុស្សយន្ត AI និងជួលមនុស្សបន្ថែមដើម្បីតាមចាប់មាតិកាឥតប្រយោជន៍និងប៉ះពាល់សហគមន៍

ក្រុមហ៊ុន Facebook បានដាក់ឱ្យប្រើបច្ចេកវិជ្ជា AI និងបង្កើនចំនួនបុគ្គលិកដើម្បីទប់ស្កាត់សម្តីសម្អប់ គណនីក្លែងក្លាយ និង ការផ្សាយផ្ទាល់អំពីការសម្លាប់ខ្លួន នៅលើ Facebook Live ក្នុងបំណងធ្វើឱ្យបណ្តាញសង្គមមួយនេះមានសុវត្ថិភាព។ 

លោក Simon Harari អ្នកគ្រប់គ្រងគោលនយោបាយសម្រាប់មាតិកាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Facebook បាននិយាយថា "Facebook បានប្រើប្រាស់បច្ចេកវិជ្ជានិងឧបករណ៍នានាជាមួយស្តង់ដារសហគមន៍កាន់តែច្បាស់លាស់សម្រាប់មាតិការបស់ខ្លួនដើម្បីផ្តល់អំណាចដល់ការកសាងសហគមន៍សម្រាប់ប្រជាជន និង នាំពិភពលោកឱ្យកាន់តែខិតជិតគ្នា"។ 

លោក Harari និយាយថា ជាមួយកំណើនមូលដ្ឋានអ្នកប្រើប្រាស់របស់ខ្លួនចំនួន ២,២ ពាន់លានគណនី​ ក្រុមហ៊ុន Facebook ត្រូវតែកសាង "សហគមន៍ដែលកាន់តែមានសុវត្ថិភាព និងសំឡេងមួយសម្រាប់ប្រជាជនដើម្បីបង្ហាញពីខ្លួនពួកគេ ជាមួយភាពត្រឹមត្រូវក្នុងសហគមន៍សកលលោកទូទាំងវប្បធម៌ផ្សេងៗទាំងអស់"។ 

Facebook ថ្មីៗនេះបានចេញផ្សាយព័ត៌មានលម្អិតអំពីស្តង់ដារសហគមន៍របស់ខ្លួន ដោយរាយនាមនូវអ្វីដែលអាចនិងមិនអាចធ្វើបាននៅលើបណ្តាញសង្គមមួយនេះ។ 

ក្រុមគោលនយោបាយមាតិការបស់ Facebook គឺមានសុទ្ធតែក្រុមអ្នកជំនាញខាងភេរវកម្ម សម្តីសម្អប់ និងសុវត្ថិភាពរបស់កុមារនៅក្នុងការិយាល័យទាំងអស់នៅជុំវិញពិភពលោក។ 

គោលនយោបាយទាំងនោះគឺគ្របដណ្តប់លើការគំរាមកំហែង ការសម្លុត ការវាយប្រហារលើឥស្សរជនសាធារណៈ អំពើហិង្សា រូបអាក្រាត ការលួចអត្តសញ្ញាណរបស់គេ អង្គការចាត់តាំងគ្រោះថ្នាក់ ការកេងប្រវ័ញ្ចផ្លូវភេទ សម្តីស្អប់ខ្ពើម ការឆបោក និង សារឥតបានការ៕ 

adverise with khmeread