អគ្គិភ័យឆេះកន្លែងលក់សាំងច្រកដបនិងច្រកពីដុងតាមផ្លូវអស់រថយន្ត៤គ្រឿង, ម៉ូតូរ៉ឺម៉កមួយគ្រឿង

​ព្រះសីហនុ ៖​ មានគ្រោះអគ្គិភយ័ឆេះកន្លែងលក់សាំងច្រកដបនិងច្រកពីដុងតាមផ្លូវ (ក្រៅស្ថានីយ៍) នៅមុខផ្សារលើ កាលពីម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃ៤ វិច្ឆិកា ២០១៨នេះ បណ្តាលឱ្យរថយន្តចំនួន៤គ្រឿង, ម៉ូតូរ៉ឺម៉កមួយគ្រឿង...។

​លោកឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការរងប៉ូលិសខេត្តព្រះសីហនុ ទទួលផែនពន្លត់អគ្គិភ័យបានឱ្យដឹងថា ដើមហេតុដោយសារមានម៉ូតូរ៉ឺម៉កមួយគ្រឿងចូលទៅចាក់ប្រេងនៅកន្លែងលក់សាំងឈ្មោះ អ៊ី ច្រឹប ហើយម្ចាស់ម៉ូតូពិសាបារី ពេលកំពុងចាក់ប្រេងសាំងក៏បណ្តាលឱ្យឆាបឆេះជាអគ្គិភ័យតែម្តង។ 

​លោកស្នងការរងបន្តថា ហេតុការណ៍នេះមានរថយន្តចំនួន៤គ្រឿង, ម៉ូតូរ៉ឺម៉កមួយគ្រឿងបានឆេះខូចខាតទាំងស្រុង និងឆេះអគាររបស់ប្រីសណីយ៍នៅក្បែរនោះមួយខ្នង , ឆេះរោងលក់ប្រេងកន្លែងកើតហេតុនិងសម្ភារៈក្នុងរោងនេះទាំងស្រុង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។

​ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ថែមតាមរយៈឱ្យភាគីអ្នកលក់ប្រេងនិងម្ចាស់រ៉ឺម៉កចូលខ្លួនមកកន្លែងសមត្ថកិច្ច ដើម្បីបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...