ភ្នំពេញ ៖ បុរសអ្នកបង់ត្រីម្នាក់ ក្នុងចំណោម៥នាក់រងគ្រោះលិចបាត់ទៅក្នុងទឹកទន្លេ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចដៃទន្លេ ខាងជើងស្ពានហង្ស ចម្ងាយប្រហែល៥០ម៉ែត្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសម្តីអ្នកដែលហែលទឹកជាមួយបានប្រាប់ឱ្យដឹងថា បុរសដែលលិចបាត់ឈ្មោះ ឡុង សំណាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់នៅកោះពេជ្រ ស្នាក់នៅការដ្ឋានសំណង់នៅជិតកោះពេជ្រ មានស្រុកកំណើតនៅភូមិបាត់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានប្រពន្ធ រួមទាំងកូនស្រីម្នាក់អាយុជាង២ខួប។
ប្រភពដដែលបន្តថា ពេលចប់ពីការងារសំណង់នៅជិតកោះពេជ្រ ពួកគាត់បានយកសំណាញ់ម្នាក់មួយទៅបង់ត្រី នៅទន្លេខាងកោះពេជ្រទន្លេធំ។ មួយសន្ទុះក្រោយមកពួកគាត់ក៏បានមកបង់សំណាញ់ នៅដៃទន្លេជិតស្ពានហង្ស។
ពេលបង់សំណាញ់រួចខ្ជិលដើរវៀងដើម្បីត្រឡប់ឡើងច្រាំងត្រើយម្ខាងមកផ្ទះ ពួកគាត់ក៏នាំគ្នាហែលទឹកឆ្លង ដោយជនរងគ្រោះបានរុំសំណាញ់លើខ្លួន ប្រឹងហែលឆ្លង ស្រាប់តែដល់ពាក់កណ្ដាលទឹកដៃទន្លេ ទំនងអស់ដៃអស់ជើង និងធ្ងន់សំណាញ់ផង ជនរងគ្រោះស្រែកឱ្យគេជួយ ប៉ុន្តែអ្នកដែលហែលមកជាមួយនោះងាកទៅមើល ក៏ឃើញលិចបាត់ក្នុងទឹករហូត។
បន្ទាប់មកសន្តិសុខកោះពេជ្រ បានចេញទូកទៅជួយរាវបង់សំណាញ់រកដែរ តែរកមិនឃើញ រហូតដល់ជួលទូក ខ្មែរឥស្លាមក្នុងតម្លៃ ៤០០ ដុល្លារ ដើម្បីរុករកតែរក អស់ជាច្រើនម៉ោង នៅតែមិនឃើញទៀត ដោយសារតែទឹកមានជម្រៅជ្រៅប្រហែលជាង៥ ទៅ ៦ម៉ែត្រ ទទឹងដៃទន្លេប្រវែងប្រហែល ៣០ម៉ែត្រទៅ៤០ម៉ែត្រ ទឹកត្រជាក់ ហូរខ្លាំង នៅក្រោមបាតទឹក ខាងក្រោមមានចំរឹងដែក មានជើងសរសរច្រើន និងពេលយប់ផង ទើបលំបាកដល់អ្នករុករក ដោយរង់ចាំពេលព្រឹកគេនឹងបន្តរុករកទៀត។
ខណៈពេលនោះ ប្រពន្ធរបស់ជនរងគ្រោះយំសោកសង្វេកឱបកូនតូចមួយអាយុជាង២ខួប ក្បែរច្រាំងទន្លេ ព្រមទាំងសាច់ញាតិបងប្អូនទាំងក្មួយ បានអុជធូបបន់ស្រន់ផង ជួលគេរកសពអស់លុយផង នៅតែរកមិនទាន់ឃើញ។ ក្រុមគ្រួសាររបស់គាត់ក្រីក្រ ហើយមកជួបរឿងអាក្រក់បែបនេះទៀត ទើបពលរដ្ឋអ្នកនៅកន្លែងហេតុការណ៍មានចិត្តអាណិត បានជួយជាថវិកាបន្តិចបន្តួច គ្រាន់ជួយសម្រាលទុក្ខលំបាកដ៏ធ្ងន់នេះ៕
