ស្នងការប៉ូលិស អំពាវនាវដល់មន្រ្តីប៉ូលិសនិងយោធា សូមកុំកាងបទល្មើសគេចពន្ធចូលរាជធានីភ្នំពេញ

​ភ្នំពេញ ៖ លោកអគ្គស្នងការរង និងស្នងការប៉ូលិសរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ស ថេត បានប្រកាសនៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ថា «នឹងលុបបំបាត់រាល់រូបភាពនៃបទល្មើសសេដ្ឋកិច្ចដែលកំពុងប្រព្រឹត្តិទៅយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ដោយមានមន្រ្តីប៉ូលិស និងយោធានៅពីក្រោយ ហើយក៏សុំឱ្យអាជីវករគ្រប់ប្រភេទសហការជាមួយសមត្ថកិច្ច ក្នុងការគោរពច្បាប់ចរាចរណ៍ មិនដឹកលើសទម្ងន់ ព្រមទាំងបង់ពន្ធត្រឹមត្រូវចូលរដ្ឋ»។

​លោក ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងបន្តថា «ខ្ញុំសុំឱ្យមន្រ្តីប៉ូលិសឬក៏យោធា មេត្តាកុំនៅពីក្រោយខ្នង ឬក៏កាងបទល្មើសសេដ្ឋកិច្ចឡើយ។ ដោយមានការតាមដានព័ត៌មាន ខ្ញុំបានដឹងថា ក្នុងមួយថ្ងៃៗមានការដឹកទំនិញគេចពន្ធចូលក្នុងរាជធានីភ្នំពេញរាប់រយគ្រឿងដោយឈ្មួញផ្សេងៗគ្នាដែលបានឃុបឃិតគ្នាជាមួយមន្រ្តីប៉ូលិស និងយោធា ដើម្បីបិទបាំងទង្វើគេចពន្ធទាំងនោះ»។ 

​លោក ស ថេត បានបន្តថា ចាប់ពីថ្ងៃនេះទៅ ខ្ញុំ នឹងសហការជាមួយសាខាគយរាជធានីភ្នំពេញ និងនាយកដ្ឋានគយចល័ត ព្រមទាំងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្រ្កាបរាល់បទល្មើសសេដ្ឋកិច្ចដែលគេចពន្ធ ហើយសកម្មភាពនេះ នឹងជួយបង្កើនចំណូលពន្ធចូលរដ្ឋឱ្យបានត្រឹមត្រូវ ​និងកើនឡើងដែលជាប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។

​លោកស្នងការ បន្ថែមទៀតថា ចំពោះរថយន្តដឹកលើសទម្ងន់ ក៏នឹងមានវិធានការផងដែរ ដូច្នេះឈ្មួញធំៗទាំងឡាយ ​មេត្តាចូលរួមគោរពចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ។ លោកក៏នឹងអនុវត្តអភិក្រម៥ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ មានដូចជា ទី១-ឆ្លុះកញ្ចក់, ទី២-ងូតទឹក, ទី៣-ដុសក្អែល, ទី៤-ព្យាបាល និង៥-វះកាត់​៕

adverise with khmeread
tiger
Loading ad ...