ក្មេងប្រុសស្អីក៏ពូកែម៉្លេះបាញ់ព្រួញចំគោលដៅលើដើមឈើទាំងអស់ក្នុងភូមិ, ផ្អើលដល់ថ្នាក់ក្សត្រាបញ្ជាសេនានាំខ្លួនគេមកបញ្ចេញថ្វីដៃ

រឿងនិទានអប់រំ៖ នៅគ្រាមួយមានស្តេចមួយអង្គ មានមោទនភាពជាខ្លាំងចំពោះជំនាញបាញ់ធ្នូរបស់ទ្រង់។ ថ្ងៃមួយទ្រង់បានយាងចេញទៅក្រៅ ហើយខណៈដែលព្រះអង្គកំពុងឆ្លងកាត់អាណាចក្ររបស់ទ្រង់ ព្រះអង្គបានទតឃើញរឿងចាប់អារម្មណ៍មួយ។

នៅផ្លូវចូលទៅក្នុងភូមិ ព្រះអង្គបានឃើញដើមឈើជាច្រើនលាបពណ៌ភ្នែកគោសម្រាប់បាញ់ព្រួញ និង ផ្លែព្រួញបាញ់ចំគោលដៅគ្រប់ដើមឈើទាំងអស់។

ស្តេចអង្គនោះភ្ញាក់ផ្អើលជាខ្លាំងហើយបានបញ្ជាសេនាឱ្យឈប់រទេះសេះរបស់ទ្រង់។ ព្រះអង្គបានបញ្ជាទាហានឱ្យទៅរកមើលកំពូលអ្នកក្លាហានណា ម៉េចក៏មានជំនាញបាញ់ព្រួញពូកែខ្លាំងម៉្លេះ ខ្លាំងជាងព្រះអង្គទៅទៀត។

មិនយូរប៉ុន្មាន ទាហានបានត្រឡប់មកវិញជាមួយមនុស្សមកពីក្នុងភូមិ។ ពួកប្រជានុរាស្ត្របានប្រាប់ព្រះអង្គថា ស្នាដៃនេះត្រូវបានធ្វើឡើងដោយក្មេងប្រុសម្នាក់មកពីភូមិរបស់ពួកគាត់។ ភ្លាមៗនោះ ក្មេងប្រុសម្នាក់នោះត្រូវបាននាំមកគាល់ចំពោះមុខស្តេច។

នៅពេលព្រះមហាក្សត្របានឃើញក្មេងប្រុសម្នាក់នេះ ទ្រង់ចាប់អារម្មណ៍ចង់ដឹងជាខ្លាំង រួចសួរក្មេងនោះថា ឯងបានរៀនវិជ្ជាបាញ់ធ្នូដ៏ពូកែនេះពីនរណា ហើយស្នើឱ្យក្មេងនោះបញ្ចេញថ្វីដៃឱ្យទ្រង់បានទតជាក់ស្តែង។

នៅពេលក្មេងប្រុសម្នាក់នោះបានឮស្តេចបញ្ជាឱ្យបញ្ចេញថ្វីដៃ ក្មេងនោះស្ទាក់ស្ទើរហើយបន្ទាប់មកបានទូលប្រាប់ស្តេចថា ខ្លួនមិនមានជំនាញឬបានហ្វឹកហាត់ផ្លូវការក្នុងការបាញ់ធ្នូអ្វីនោះទេ។ ក្មេងនោះប្រាប់ថាខ្លួនដើរគប់ផ្លែព្រួញលេងទេ ហើយក្រោយមកបានយកថ្នាំពណ៌គូជារង្វង់មូលនៅជុំវិញព្រួញទាំងអស់នោះ។

ក្មេងនោះបានប្រាប់ស្ដេចថាខ្លួនចូលចិត្តជំនាញបាញ់ធ្នូ ហើយក្មេងនេះគិតថា ជាមួយផ្លែព្រួញចំគោលដៅទាំងអស់ដូច្នេះ វាអាចបញ្ឆោតគ្រប់គ្នាឱ្យច្រឡំស្មានថា ខ្លួនជាកំពូលអ្នកបាញ់ព្រួញប្រចាំភូមិ។ 

ន័យអប់រំ៖ មិនខុសអីពីសង្គមបច្ចុប្បន្ននេះទេ យើងជួបច្រើនណាស់មនុស្សដែលពូកែអួតនេះអួតនោះ តែវាគ្រាន់តែជាការបញ្ឆោតភ្នែកប៉ុណ្ណោះ ភាគច្រើនគឺគ្មានចេះស្អីមួយបៀកទេ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត