ឆ្កែកំណាចរួចពីក្នុងទ្រុងតែមួយយប់ សម្លាប់មាន់អ្នកជិតខាងជាង ៦០០ ក្បាល, កុនកម្ចាស់!

ឆ្កែពូជអេស្គីម៉ូមួយក្បាល ធ្វើឱ្យម្ចាស់របស់វាស្ថិតក្នុងបញ្ហាដ៏ធំ បន្ទាប់ពីរួចផុតពីទ្រុង ទៅលួចចូលកសិដ្ឋានរបស់អ្នកជិតខាង និងចំណាយពេលត្រឹមតែមួយយប់ប្រហារជីវិតសត្វមាន់អស់ជាង ៦០០ ក្បាល។

យោងតាមបណ្ដាញសារព័ត៌មានចិន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ក្នុងទីក្រុង Ningguo ខេត្ត Anhui ប្រទេសចិន ទ្រហោយំនៅព្រឹកថ្ងៃទី ២៩ តុលា បន្ទាប់ពីទៅឆែកមើលមាន់ ឃើញគ្មានមាន់មួយក្បាលណាសល់ជីវិតនោះទេ។ ដំបូងឡើយ ម្ចាស់មាន់គិតថា ច្បាស់ជាមាននរណាម្នាក់សម្លាប់មាន់របស់គាត់ ឬមានសត្វព្រៃធ្វើបែបនេះ។ ប៉ុន្ដែនៅពេលឆែករកមើលតម្រុយជុំវិញកសិដ្ឋាន បុរសម្ចាស់កសិដ្ឋានរកឃើញមុខឃាតករ គឺឆ្កែពូជអេស្គីម៉ូមួយក្បាល ដែលជារបស់អ្នកជិតខាង ទាំងក្បាលមាន់កំពុងនៅក្នុងមាត់វា។

បន្ទាប់ពីចាប់ចងឆ្កែមួយក្បាលនោះរួច ម្ចាស់កសិដ្ឋានដ៏មានកំហឹងបានទៅរកម្ចាស់របស់វាដើម្បីទារឱ្យសងសំណងសម្រាប់មាន់ជាង ៦០០ ក្បាល ដែលឆ្កែរបស់គាត់បានសម្លាប់ ប៉ុន្ដែបុរសពីរនាក់មិនឯកភាពទៅនឹងទឹកប្រាក់សំណង ដែលម្ចាស់កសិដ្ឋាននោះទាមទារ ដូច្នេះប៉ូលិសក៏បានមកដោះស្រាយជំនួស។ បន្ទាប់ពីបូកសរុបការខូចខាត ប៉ូលិសប្រាប់ម្ចាស់ឆ្កែសងប្រាក់ចំនួន ១,៣ ម៉ឺនយ័ន (១.៩០០ ដុល្លារ) ប្រសិនបើគាត់ចង់គេចវេស គាត់នឹងត្រូវឡើងតុលាការ។ ហើយបុរសនោះក៏បានយល់ព្រឹមនឹងការសងថ្លៃខូចខាត៕
 

adverise with khmeread