អុញ! Mayweather​ លុបចោលការប្រកួតជាមួយអ្នកប្រដាល់សេរីជប៉ុនបាត់ ដោយសារចាញ់បោកពួកអ្នករៀបចំការប្រកួត

កំពូលអ្នកប្រដាល់ពិភពលោក Floyd Mayweather កាលពីថ្ងៃពុធទី៧វិច្ឆិកាបានលុបចោលការប្រកួតជាមួយនឹងអ្នកប្រដាល់ជប៉ុន ដោយអះអាងថា គាត់ត្រូវបានគេបោកបញ្ឆោតឱ្យយល់ព្រមនឹងការប្រកួតមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏វែងមួយដែលបង្ហោះនៅលើបណ្តាញសង្គម Floyd Mayweather បាននិយាយថា គាត់ត្រូវបាន "បោកបញ្ឆោត" ដោយពួកអ្នករៀបចំសម្រាប់ការប្រកួតទល់នឹងកីឡាករ Tenshin Nasukawa ដែលគ្រោងធ្វើឡើងនៅថ្ងៃចូលឆ្នាំសកលនៅទីក្រុង Saitama។

Floyd បានសរសេរនៅលើ Instagram ថា "ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់លាស់ថា ខ្ញុំ Floyd Mayweather មិនដែលបានព្រមព្រៀងចំពោះការប្រកួតជាផ្លូវការជាមួយ Tenshin Nasukawa នោះទេ"។

ជើងឯកទម្ងន់មធ្យមដែលចូលនិវត្តន៍វ័យ ៤១ ឆ្នាំរូបនេះបាននិយាយថា គាត់បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនកាលពីសប្តាហ៍មុនដើម្បីចូលរួមការប្រកួតជាលក្ខណៈឯកជនទល់នឹង Nasukawa សម្រាប់ "ទស្សនិកជនមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយក្រុមតូចសម្រាប់ថ្លៃឈ្នួលដ៏ច្រើនសម្បើម"។

Floyd បានសរសេរថា "ដើមឡើយ ការប្រកួតមិត្តភាពនេះត្រូវបានរៀបចំឡើងក្នុងនាមជា "ការប្រកួតជាពិសេស" ក្នុងគោលបំណងកម្សាន្តសុទ្ធសាធដោយគ្មានចេតនាឱ្យវាតំណាងជាការប្រកួតផ្លូវការឬផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជុំវិញពិភពលោកនោះទេ"។

បន្ទាប់ពីបានមកដល់ក្នុងសន្និសីទកាសែតមួយនៅទីក្រុងតូក្យូកាលពីថ្ងៃចន្ទទី៥វិច្ឆិកាភ្លាម Floyd បាននិយាយថា រូបគេនិងក្រុមរបស់ខ្លួន "បានរអិលចេញទាំងស្រុងពីទិសដៅថ្មី ដែលព្រឹត្តិការណ៍នេះកំពុង​ប្រព្រឹត្តទៅ"។

Floyd បានសរសេរថា "យើងគួរតែបញ្ឈប់វាភ្លាម។ ខ្ញុំចង់សុំទោសដោយស្មោះទៅកាន់អ្នកគាំទ្ររបស់ខ្ញុំចំពោះព័ត៌មានខុសនេះ ដែលបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន។ ខ្ញុំអាចធានាចំពោះអ្នកទាំងអស់គ្នាថា ខ្ញុំក៏មិនបានដឹងអ្វីទាំងស្រុងដូចគ្នាចំពោះការរៀបចំ ដែលត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមឬឆន្ទៈពិតពីខ្ញុំ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត