រថយន្តបុកម៉ូតូស្លាប់ម្នាក់, រងរបួសម្នាក់រថយន្តបើកគេចបាត់បន្សល់ស្លាកលេខ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀតបានរងរបួស ដោយសាររថយន្តបើកបុកម៉ូតូជនរងគ្រោះពេញទំហឹង កាលពីវេលាម៉ោង ១និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបដេអិន តាមបណ្តោយផ្លូវ១២៨ កែង២១៥ ( វិថីកម្ពុជាក្រោម) ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ជនរងគ្រោះដែលស្លាប់ឈ្មោះ ជឹម សុខេង អាយុ២៦ឆ្មាំ មុខរបរ ចុងភ្លៅ នៅហាងវីសូរ៉ងក្បែរសាលាស៊ីសុវត្ថិ ស្នាក់នៅក្នុងហាង មានស្រុកកំណើត ភូមិព្រៃ​ក្តួច ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង​។ ចំណែកម្នាក់ទៀតរងរបួសស្រាល មិនស្គាល់អត្តសញ្ញាណនោះទេ ពួកគេទាំង២ធ្វើដំណើដោយម៉ូតូ ម៉ាកសុយស៊ូគីលែត ពណ៌សលាយខៀវ ពាក់ស្លាកលខ ព្រៃវែង1L-5139​។ រីឯរថយន្តបង្កម៉ាក ព្រូស ពណ៌ស រត់គេចបាត់ តែធ្លាក់ស្លាកលេខ ភ្នំពេញ2Y-9447​។ 

​ប្រភពព័ត៌មានបន្តថា ដំបូងគេឃើញរថយន្តបង្ក ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះមកដល់ផ្លូវបែកជាបួន បានជ្រុលទៅបុកម៉ូតូរងគ្រោះដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត​ពេញទំហឹង បណ្តាលឱ្យជនរងគ្រោះ ខ្ទាតប្រមាណជាង២០ម៉ែត្រ​។ 

​ប្រភពបន្តទៀតថា ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះក្លីនីកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ តែអកុសលដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវ ត្រូវបានរថយន្តយកមកកន្លែងកើតហេតុវិញ​។ ចំណែករថយន្តបង្កបានបើកររត់គេខ្លួនពីកន្លែងកើតហេតុបាត់ បន្សល់ធ្លាក់ស្លាកលេខរថយន្តនៅកន្លែងកើតហេតុ​។ 

​ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយក ម៉ូតូទៅរក្សាបណ្តោះអាសន្ន រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀតផ្ទាត់ យកត្រឡប់ទៅផ្ទះវិញ។ ចំណែកសព ត្រូវសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី​៕

adverise with khmeread