រឿង «កូនក្រក» ចាក់បញ្ចាំងហើយ ក្រោយពេលជួបរឿងចម្រូងចម្រាស់លើប្រព័ន្ធអ៊ីនធឺណេត

    ដោយ-ខ្មែររីដ
    ភ្នំពេញ-រឿង «កូនក្រក» ចាប់បញ្ចាំងហើយក្រោយពេលដែលសាច់រឿងមួយនេះ មិនអាចផ្សព្វផ្សាយលើប្រព័ន្ធយូធូប និង លើហ្វេសប៊ុក លោក លៀក លីដា បញ្ចាក់ថា ការផ្សព្វផ្សាយ មិនអាចធ្វើបានដោយសារតែសាច់រឿងមានឈុតឆាកកាប់សម្លាប់ សាហាវ ដែលស្តែងពីអំពើរឃាតកម្ម អីចឹងហើយបាន ផលិតកម្មចាប់ផ្តើមសម្ពោធភ្លាមៗ ដើម្បីអោយអ្នកទស្សនា បានដឹងពីសាច់រឿងពិត ទាំងមូលតែម្តង។ 

    ថ្លែងក្នុងពិធីសម្ពោធខ្សែរភាពយន្ត រឿង​ «កូនក្រក» ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានលើកឡើងថា រឿង «កូនក្រក» គឺជាស្នាដៃសម្រិតសម្រាំងមួយរបស់ផលិតកម្ម សម្រាប់ជាចំណីអារម្មណ៍របស់អ្នកទស្សនា នាចុងឆ្នាំ២០១៨នេះ។ អ្វីដែលពិសេស ស្នាដៃនេះ គឺផ្ដោតសំខាន់លើជំនឿលើកូនក្រក ដែលប្រជាជនខ្មែរ តែងមានជំនឿខ្លាំងនាពេលកន្លងមក។ លោកថា រឿងនេះ មិនមែននិយាយពីប្រវត្តិពិតរបស់មេចោរអា រ៉ាស្មាច់ ទេ ក៏ប៉ុន្តែលោកគ្រាន់តែលើកមកត្រួសៗប៉ុណ្ណោះ ដោយផ្ដោតសំខាន់ជំនឿលើកូនក្រក។

    លោក លៀក លីដា បង្ហាញពីការរំពឹងទុកថា ស្នាដៃថ្មីរបស់ផលិតកម្ម LD Picture មួយនេះ ពិតជាទាក់ទាញខ្លាំងសម្រាប់អ្នកទស្សនា ព្រោះមិនត្រឹមតែបង្ហាញពីការជំនឿលើកូនក្រកប៉ុណ្ណោះទេ គឺថែមទាំងមានឈុតឆាកជាច្រើនទៀត ប្រជុំដោយតារាល្បីៗចូលរួមសម្ដែង។ លោកបន្តថា រយៈពេល៥ខែកន្លង ទៅរឿងខ្មែរ ស្ទើរ៩០% ជារឿងខ្មោច។ ដោយឡែករឿង «កូនក្រក» ជារសជាតិថ្មីខុសពីគេ ព្រោះជារឿងឃាតកម្ម ដូចនេះលោកគិតថា ទស្សនិកជននឹងគាំទ្រ។

    រឿង «កូនក្រក» និយាយពីដំណើររឿងមួយចំនួន ពាក់ព័ន្ធនឹងមហាចោរចាប់ជំរិតដ៏ល្បីរន្ទឺកាលពី១៩ឆ្នាំមុននោះ គឺអា រ៉ាស្មាច់។ ម៉្លោះហើយ នាយ ពាក់មី បាននិពន្ធ ក៏ដូចជាដឹកនាំសម្តែងទៅជាសាច់រឿងភាពយន្ត ដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម ក្រោយចេញជាឈុតវិដេអូខ្លីប៉ុន្មានថ្ងៃមុននេះ។

រឿង «កូនក្រក» ចាប់បញ្ចាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨តទៅ។ យោងតាមការឲ្យដឹង សាច់រឿងនេះ ត្រូវបានទស្សនិកជនជាច្រើន ត្រៀមរួចរាល់សម្រាប់ការកក់សំបុត្រទិញទស្សនា ដើម្បីចង់ដឹងថា ផ្ទៃរឿងមានភាពល្អឥតខ្ចោះបែបណា ពិសេសពាក់ព័ន្ធរឿងរ៉ាវរបស់មេចាប់ជំរិតដ៏ល្បីអា រ៉ាស្មាច់៕

adverise with khmeread