ប៉ូលិសស្រុកកោះធំឃាត់បុរស២នាក់ក្នុងករណីរក្សាទុកថ្នាំញៀន

​កណ្តាល ៖ ប៉ូលិសស្រុកកោះធំបានឃាត់បុរស២នាក់ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី០៧ ខែវិច្ចិកា ឆ្នាំ២០១៨ វេលាម៉ោង២ និង៣០នាទីរសៀលនៅ ចំណុច ភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០២នាក់រួមមាន ១.ឈ្មោះ ម៉េង វុទ្ធី ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅ ភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល និង២.ឈ្មោះ ធី វ៉ាន់ឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល​។ 

​វត្ថុតាងរួមមាន ​១/ថ្នាំញៀនម៉ាទឹកកកចំនួន០១កញ្ចប់តូច​, ២/ទូរស័ព្ទដៃម៉ាកសាំស៊ុង ពណ៌ស ចំនួន០១គ្រឿង , ៣/ម៉ូតូម៉ាកហុងដា MSX ពណ៌ លឿង គ្មានស្លាកលេខ និង៤/ប្រាក់រៀលចំនួន៣៥៧០០រៀល ។

​ប៉ូលិសបន្តថា ដំបូង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលជ្រោយតាកែវ បានចុះល្បាតនៅតាមភូមិសាស្រ្តខាងលើក៏បានជួបមុខសញ្ញាប្រើប្រាស់ថ្នាំញៀនចំនួន០២នាក់ នៅចំណុចកំពង់ទូកដរ ភូមិព្រែកតាសេក។ ភ្លាមនោះសមត្ថកិច្ចបានធ្វើការសាកសួរ និងឆែកឆេរនៅនឹងខ្លួនរបស់ជនសង្ស័យ រកឃើញមានថ្នាំញៀនមួយកញ្ចប់តូចលាក់ទុក នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យឈ្មោះ ធី វ៉ាន់ឌី​។

​នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ​ថ្នាំញៀនមួយកញ្ចប់តូចខាងលើនេះ គឺពួកគេបានទិញពីអ្នកលក់ថ្នាំញៀនម្នាក់មិនស្គាល់ឈ្មោះ ភេទប្រុស ដែលរស់នៅក្នុងភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ​​ក្នុងតម្លៃបីម៉ឺនរៀលដើម្បីយកមកទុកប្រើប្រាស់។

​ក្រោយមកសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យខាងលើនេះរួមនិងវត្ថុតាងថ្នាំញៀនមកកាន់អធិការដ្ឋានប៉ូលិសស្រុកកោះធំ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread