លោកត្រាំចម្អកឱ្យអ្នកកាសែតជប៉ុនម្នាក់អំឡុងសន្និសីទកាសែតបាយឡុកបាយឡ

សន្និសីទកាសែតសេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០១៨ បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលលោកបានចម្អកឱ្យអ្នកយកព័ត៌មានជប៉ុនម្នាក់។

ក្នុងអំឡុងពេលសន្និសីទកាសែតដ៏ចម្លែកនេះ លោកត្រាំបានប្រមាថមើលងាយទៅលើគូប្រជែង ឌឺដងឱ្យបេក្ខជនចាញ់ឆ្នោត ចម្អកដាក់អ្នកកាសែត និងត្អូញត្អែរនឹងសំណួរជាច្រើន ដែលលោកបានបដិសេធមិនឆ្លើយតប។

អាកប្បកិរិយាដ៏ច្របូកច្របល់របស់គាត់បានកើតឡើងក្នុងពេលឆ្លើយទៅនឹងសំណួររបស់អ្នកយកព័ត៌មានជនជាតិជប៉ុនម្នាក់។

អ្នកកាសែតជប៉ុនរូបនោះបានឈរនៅចំកណ្ដាលដោយសួរសំណួរទៅលោកត្រាំទាក់ទងនឹងសេដ្ឋកិច្ច នៅពេលប្រធានាធិបតីរូបនេះបានកាត់សំណួររបស់អ្នកកាសែតជប៉ុនដោយសួរទៅវិញថា "តើលោកឯងមកពីប្រទេសណា?"។

អ្នកកាសែតជប៉ុនរូបនោះបានឆ្លើយជាភាសាអង់គ្លេសដោយសម្ដីថ្លៃថ្នូរថា "ប្រទេសជប៉ុន"។

លោកត្រាំបន្ទាប់មកបានប្រាប់ទៅគាត់ថា "និយាយសួស្ដីទៅកាន់ស៊ីនហ្សូផង"។ គាត់សំដៅទៅលើនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ។

លោកត្រាំក៏បានឆ្លើយទៀតថា "ខ្ញុំប្រាកដណាស់ថា គាត់កំពុងរីករាយនឹងពន្ធលើរថយន្តរបស់គាត់"។

អ្នកកាសែតជប៉ុនបានព្យាយាមសួរសំណួរទៅគាត់ ប៉ុន្ដែលោកត្រាំបានកាត់សំណួរគាត់ម្តងទៀត ដោយនិយាយថា "ខ្ញុំពិតជាមិនយល់សំណួររបស់លោកឯងទេ"។

លោកត្រាំក៏បានធ្វើជាមិនយល់មិនដឹងចំពោះសំណួររបស់អ្នកកាសែតពីរនាក់ផ្សេងទៀត អំឡុងពេលសន្និសីទកាសែតនោះផងដែរ។

អ្នកយកព័ត៌មានស្ត្រីម្នាក់បានស្នើសុំឱ្យប្រធានាធិបតីបញ្ចេញទស្សនៈរបស់គាត់លើស្ត្រីមូស្លីម២នាក់ (លោកស្រី Rashida Tlaib នៃរដ្ឋ Michigan និង លោកស្រី Ilhan Omar នៃរដ្ឋ Minnesota) ដែលបានឈ្នះអាសនៈនៅក្នុងសភា។

ប៉ុន្ដែលោកត្រាំបានឆ្លើយថា "ខ្ញុំមិនយល់សំណួររបស់អ្នកឯងទេ"។

នៅពេលដែលអ្នកកាសែតមកពីលីបង់ សួរត្រាំទាក់ទងនឹងលោកប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan លោកត្រាំនិយាយថា "នរណាគេ ខ្ញុំមិនស្គាល់គាត់ផង"។

ការឆ្លើយតបទៅនឹងអ្នកកាសែតរបស់ត្រាំបានបង្កការរិះគន់យ៉ាងដំណំនៅលើបណ្ដាញសង្គម ដោយអ្នកលេងអ៊ីនធឺណេតបានលើកឡើងថា វាគឺជាការរើសអើងជាតិសាសន៍៕


 

adverise with khmeread