ទិញម៉ូតូថ្មីចែសទើបបង់រំលោះបាន១សប្តាហ៍ត្រូវ ចោរគាស់បន្ទប់លួចយកទៅបាត់

​ភ្នំពេញ ៖ ត្រឹមរយៈពេលប្រហែល១៥នាទីប៉ុណ្ណោះ ចោរមិនទាន់ស្គាល់មុខបានគាស់បន្ទប់ជួលយកម៉ូតូរបស់នារីម្នាក់ដែលទើបបង់រំលោះបាន១សប្តាហ៍ យកទៅបាត់ កាល​ពី​វេលា​ម៉ោង​​១២​ និង​១៥នាទី​រំលង​អធ្រាត្រ ​ឈានចូលថ្ងៃទី​៩ ខែវិច្ឆិកា ២០១៨​ នៅបន្ទប់​ជួល​ ភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំពុន​ទី១ ​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ​។ 

​នារីរងគ្រោះ​ឈ្មោះ​ ​ម៉ា​នី​ ​អាយុ​២២​ឆ្នាំ​ ជាបុគ្គលិក​ ក្រុមហ៊ុន​ vivo ​ស្នាក់នៅ​បន្ទប់​ជួល​កើត​ហេតុ​ខាង​លើ​ បាត់បង់ទ្រព្យសម្បត្តិ​​រួម​មាន​លុយ​មួយ​ចំនួន​ និង​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុ​បពី​ស៊េរី​ឆ្នាំ​2019​ ពណ៌​ស​ ទើបទិញបង់រំលោះបាន១អាទិត្យ​ប៉ុណ្ណោះ​ ពាក់ស្លាកលេខ​ ភ្នំពេញ​( ?)-2683​ (គាត់​មិន​ចាំអក្សរនៅខាងមុខស្លាកលេខនោះទេ)​ ​ព្រោះ​ម៉ូតូ​ទើបតែទិញ​ ហើយ​កាត​គ្រី​នៅក្រុមហ៊ុន​ទុក​ទៀត​។
 
​នារី​រងគ្រោះ​បាន​ប្រាប់ឱ្យ​ដឹង​ថា​ មុនកើត​ហេតុ​ គាត់​បានចេញ​ទៅ​ក្រៅ​ចូល​រួម​កម្មវិធី​មិត្តភក្តិ  តាំងពី​ម៉ោង​៧យប់​ថ្ងៃ​ទី៨​ ខែវិច្ឆិកា២០១៨ ​ដោយ​ទុក​ម៉ូតូ​នៅក្នុងបន្ទប់​ជួល​ ចាក់សោបន្ទប់​ទុកចោល​ រហូត​ដល់​ម៉ោង​១២ រំលង​អធ្រាត្រ​គាត់​បាន​ត្រលប់​មកវិញ ​ឃើញ​ម៉ូតូ​នៅ​ក្នុង​បន្ទប់​ធម្មតា​ទេ​ ។ 

​នារីរងគ្រោះបន្តថា លុះដល់ម៉ោងកើតហេតុ​ គាត់​ឃ្លាន​ញាំ​បាយ​ ក៏​បិទ​ទ្វារទុកម៉ូតូក្នុងបន្ទប់​ម្តង​ទៀត​ ហើយ​ចេញ​ទៅ​រក​ទិញ​អី​ញាំនៅខាងក្រៅ​។ ​រំលង​បាន​ប្រមាណ​ជា​១៥នាទី​ ​គាត់​ត្រឡប់​មក​វិញ​ ឃើញ​ទ្វារ​បន្ទប់​ចំហ​ ក៏​សង្ស័យ​រត់​ស្ទុះទៅមើល​ក្នុង​បន្ទប់​ ឃើញ​សភាព​រាយប៉ាយ​ ហើយ​បាត់​ម៉ូតូ​ និងលុយមួយចំនួន ធ្វើ​ឱ្យគាត់​ស្លុត​ចិត្ត​យ៉ាង​ខ្លាំង​ បង្ក​ជាការភ្ញាក់ផ្អើល​ដល់អ្នក​ជាប់បន្ទប់ ចេញជួយមើល​ និងជូនទៅដាក់ពាក្យបណ្តឹង​។ 

​ប្រភពដដែល​បញ្ចាក់ថា​ នៅ​ផ្ទះ​ជួល​ខាង​លើ​នោះ​ឧស្សាហ៍​មាន​ចោរចូលគាស់បន្ទប់លួចទ្រព្យសម្បត្តិ​ ច្រើន​ដង​មក​ហើយ​ មិនដឹងជាចោរមានសោរបងផ្ទះមកពីណាចាក់ចេញចូលបានស្រួលម្ល៉េះ​? ព្រោះ​មានតែ​អ្នកនៅក្នុងផ្ទះនោះប៉ុណ្ណោះទើបមានសោរបងផ្ទះ​ ហើយ​នៅពេល​មានបញ្ហាអ្នក​រស់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​សុំម្ចាស់ផ្ទះ​ ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល​ ប៉ុន្តែ​ម្ចាស់​ផ្ទះ​មិន​ព្រម​ឆែក​ឱ្យ​មើល​ទេ​ មិនដឹងជាគាត់មានមូលហេតុអ្វី​? 

​ក្រោយ​កើត​ហេតុ​ នារី​រងគ្រោះ​បាន​ត្រឹម​តែ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​​រដ្ឋ​បាល​បឹង​ទំពុន​ទី១  តែប៉ុណ្ណោះ ហើយសង្ឃឹមថាម្ចាស់ផ្ទះនឹងសហការឱ្យឆែរកាមេរ៉ាដើម្បីវែកមុខចោរ​៕


 

adverise with khmeread