រថយន្តនិងរថយន្តបើកបុកគ្នាស្លាប់២នាក់ និងរបួស២នាក់នៅក្រុងព្រះសីហនុ

​ព្រះសីហនុ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត កាលពីព្រឹកថ្ងៃទី០៩ វិច្ឆិកា ២០១៨ វេលាម៉ោង០៦ព្រឹក នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបត់ទៅវត្តអូរត្រេះ ស្ថិតក្នុងក្រុម១៥ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ និង២នាក់ទៀតរងរបួស។

​ប៉ូលិសនិយាយថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក LEXUS RX330 ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AH-7808 បើកបរដោយឈ្មោះ ផល ស៊ីណា ភេទ​ប្រុស អាយុ​២៥ឆ្នាំ មុខរបរ បុគ្គលិកហាងមនោរម្យ២ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះ យស វ៉ាន់ឌី ភេទ ប្រុស អាយុ ៥៨ឆ្នាំ មុខរបរ យោធា មានទីលំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ​។

​លុះដល់ចំណុចខាងលើក៏បានបុកនឹងរថយន្ត ០១គ្រឿងម៉ាក LEXUS RX300 ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-2376 បើកបរដោយឈ្មោះ ម៉ាត់ រី ភេទ ប្រុស អាយុ ៥២ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអ្នករួមដំណើរចំនួន ០៣នាក់រួមមាន ១-ឈ្មោះ នី នាង ភេទ ស្រី អាយុ ៤៧ឆ្នាំ មុខរបរ លក់ដូរ (ប្រពន្ធអ្នកបើកបររថយន្ត)​, ២-ឈ្មោះ ម៉ាត់ សែ ភេទ ស្រី អាយុ ៣០ឆ្នាំ (កូនអ្នកបើកបររថយន្ត) និង៣-ឈ្មោះ ម៉ាត់ សះរ៉ស់ ភេទ ស្រី អាយុ ២៦ឆ្នាំ មុខរបរ លក់ដូរ (កូនអ្នកបើកបររថយន្ត) អ្នករួមដំណើរទាំងអស់មានទីលំនៅជាមួយអ្នកបើកបររថយន្ត មានទិសដៅ ផ្ទុយគ្នា​។

​សរុបមកគ្រោះថ្នាក់នេះបណ្ដាលឱ្យស្លាប់មនុស្សចំនួន ០២នាក់ និង រងរបួសមនុស្សចំនួន ០២នាក់ស្រី ០១ នាក់ គឺ១-ឈ្មោះ យស់ វ៉ាន់ឌី អ្នករួមដំណើរលើរថយន្ត LEXUS RX330 រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ (ក្រោយមកស្លាប់), ២-ឈ្មោះ ម៉ាត់ រី អ្នកបើកបររថយន្ត LEXUS RX300 រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ក្រោយមកស្លាប់), ៣-ឈ្មោះ ផល ស៊ីណា អ្នកបើកបររថយន្ត LEXUS RX330 រងរបួស​ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ និង៤-ឈ្មោះ នី នាង អ្នករួមដំណើរលើរថយន្ត LEXUS RX300 រងរបួស ស្រាល បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ។

​បច្ចុប្បន្ន វត្ថុតាងរថយន្តទាំង២គ្រឿងដែលរងការខូចខាតត្រូវបានប៉ូលិសនាំយកមករក្សាទុកដើម្បីដោះស្រាយបន្តតាមនីតិវិធី៕

adverise with khmeread