កម្លាំងអាវុធហត្ថ ចាប់ខ្លួនលោកស្រីឧកញ៉ា លី​ អ៊ុំអេង រឿងចេញសែកស្អុយជាងបីលានដុល្លារ

​សៀមរាប ៖ លោកស្រីឧកញ៉ា លី អ៊ុំអេង ដែលមានឈ្មោះអាស្រូវដីធ្លីនៅក្នុងខេត្តសៀមរាប ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងស្នាក់ការលក់ដីឡូតិ៍របស់លោកស្រី ក្នុងតំបន់អង្គរឃ្យុងយូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ពាក់ព័ន្ធនឹងការចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ជាងបីលានដុល្លារអាមេរិក។

​មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងថា ការចាប់ខ្លួននេះគឺអនុវត្តតាមដីបង្គាប់ឱ្យចាប់ខ្លួនដែលចេញដោយ លោក ងួន ណារ៉ា ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។ មុនពេលចាប់ខ្លួនជំទាវឈ្មោះ លី អ៊ុំអេង រូបនេះ បានគេចខ្លួនពីគេហដ្ឋានរបស់ខ្លួន ក្នុងបំណងមិនទទួលខុសត្រូវ។

​សូមបញ្ជាក់ថា លោកស្រីឧកញ៉ា លី អ៊ុំអេង កាលពីកន្លងទៅធ្លាប់មានឈ្មោះរំលោភដីពលរដ្ឋនៅតំបន់ឃ្យុងយូ ៩ គ្រួសារ និងធ្លាប់រងបណ្តឹងច្រើនករណីពីអាជ្ញាធរជាតិអប្សរា ករណីក្លែងឯកសាររំលោភដីធ្លីរបស់រដ្ឋ ក្នុងតំបន់ឃ្យុងយូ ក្រុងសៀម​រាប៕

adverise with khmeread