គ្រាន់តែដឹកស្តេចត្រាញ់គ្រឿងញៀនម៉ិកស៊ិកមកកាត់ទោសនៅតុលាការក្រុងញូវយ៉ក ប៉ូលិសអាមេរិកបិទផ្លូវនិងការពារសន្តិសុខខ្លាំងជាងក្បួនរថយន្តមេដឹកនាំបរទេសទៀត

ការកាត់ក្តីស្តេចត្រាញ់គ្រឿងញៀនម៉ិកស៊ិក ឈ្មោះ Joaquin "El Chapo" Guzman បានចាប់ផ្តើមកាលពីថ្ងៃអង្គារទី១៣វិច្ឆិកា ចំពេលដែលមានវិធានការពង្រឹងសន្តិសុខយ៉ាងពិសេស។

ភរិយារបស់គាត់ ឈ្មោះ Emma Coronel បានមកដល់តុលាការប៉ុន្មានម៉ោងមុន បន្ទាប់ពីស្ពាន Brooklyn Bridge ក្នុងទីក្រុងញូវយ៉ក ត្រូវបានបិទដើម្បីឱ្យក្បួនរថយន្តដឹកស្តេចត្រាញ់គ្រឿងញៀនជនជាតិម៉ិកស៊ិកអាយុ ៦១ ឆ្នាំរូបនេះឆ្លងកាត់ដើម្បីនាំគាត់ទៅតុលាការនៅសង្កាត់ Brooklyn ។ ដូច្នេះមានន័យថា ចាប់ពីថ្ងៃអង្គារតទៅ ផ្លូវមួយចំនួនក្នុងក្រុងញូវយ៉កនឹងត្រូវបិទ២ដង ពេលដឹក Guzman ទៅនិងមកតុលាការ។

បន្ទាប់ពីការជ្រើសរើសចៅក្រមអស់រយៈពេលមួយសប្តាហ៍ ការកាត់ក្តីនេះឥឡូវគឺបានចាប់ផ្តើម ជាមួយសេចក្តីថ្លែងបើកពីពួកមេធាវីនៅក្នុងតុលាការសហព័ន្ធ ចំពេលកំពុងមានការតាមដានយ៉ាងខ្លាំងពីសាធារណជន។

អាជ្ញាសហព័ន្ធបាននិយាយថា ក្នុងនាមជាមេដឹកនាំក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិកឈ្មោះ Sinaloa Cartel លោក Guzman បានដឹកនាំការដឹកជញ្ជូនថ្នាំហេរ៉ូអ៊ីន កូកាអ៊ីន កញ្ឆា និងមេតំហ្វេតាមីន ចូលមកសហរដ្ឋអាមេរិក។ គាត់ប្រឈមមុខនឹងទោសព្រហ្មទណ្ឌចំនួន ១៧ ករណី និងទោសជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានផ្តន្ទាទោស។

ក្រៅពីជួញដូរគ្រឿងញៀនមកសហរដ្ឋអាមេរិក ក្រុម Sinaloa Cartel ក៏ដើរតួនាទីសំខាន់ផងដែរក្នុងអំពើហិង្សាដ៏ឃោរឃៅរវាងក្រុមអន្ធពាលដែលជាគូប្រជែងនឹងគ្នា ដែលបានហែកហួរផ្នែកជាច្រើនក្នុងប្រទេសម៉ិកស៊ិក និង ផ្គើនគ្រប់រដ្ឋាភិបាលជាបន្តបន្ទាប់របស់ម៉ិកស៊ិក។ 

មនុស្សជាង ២០០.០០០ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនគឺនៅក្នុងជម្លោះរវាងក្រុមជួញដូរគ្រឿងញៀន ចាប់តាំងពីរដ្ឋាភិបាលម៉ិកស៊ិកបានបញ្ជូនទ័ពឱ្យបង្ក្រាបក្រុមជួញដូរគ្រឿងញៀនក្នុងឆ្នាំ ២០០៦។ 

សន្តិសុខការពារជុំវិញ Guzman គឺតឹងតែងបំផុតរហូតដល់ថ្នាក់ចៅក្រមអាមេរិក លោក Brian Cogan ដែលទទួលបន្ទុកកាត់ក្តីករណីនេះ កាលពីសប្តាហ៍មុន បានបដិសេធសំណើមួយដោយ Guzman ដើម្បីឱបប្រពន្ធមុននឹងចូលសវនាការ។ 

សមាជិកគណៈវិនិច្ឆ័យទាំងអស់នឹងត្រូវលាក់បាំងអត្តសញ្ញាណ និងត្រូវបានប៉ូលិសប្រដាប់អាវុធអាមេរិកអមដំណើរទៅនិងមកតុលាការជាប់ជានិច្ច។ ក្រុមរដ្ឋអាជ្ញាបាននិយាយថា សន្តិសុខគឺចាំបាច់ណាស់ ព្រោះតែប្រវត្តិរបស់ Guzman ដែលតែងតែមានកូនចៅដើរសម្លុតនិងសូម្បីបញ្ជាឃាតករឱ្យសម្លាប់សាក្សីសំខាន់ៗ។

Guzman ដែលធ្លាប់រត់គេចខ្លួនពីពន្ធនាគារដ៏តឹងរ៉ឹងបំផុតរបស់ម៉ិកស៊ិកដល់ទៅ ២ ដង ត្រូវបាននាំខ្លួនមកឃុំខ្លួនក្នុងពន្ធនាគារដ៏តឹងរ៉ឹងបំផុតរបស់អាមេរិកនៅតំបន់ Manhattan និងត្រូវដឹកទៅកាន់តុលាការនៅសង្កាត់ Brooklyn ក្រោមក្បួនរថយន្តការពារយ៉ាងខ្លាំងក្លាបំផុត៕

 

 

adverise with khmeread

អ្នកនឹងចូលចិត្ត