មុនធ្លាក់យន្តហោះ កូនកំលោះធ្លោយមាត់និយាយមួយឃ្លា មិននឹកស្មានថាវាក្លាយជាសម្តីពិត ធ្វើកូនក្រមុំឥណ្ឌូនេស៊ីត្រូវរៀបការតែម្នាក់ឯងនៅថ្ងៃកំណត់

ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលគូដណ្តឹងរបស់នាងបានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ Lion Air នៅក្នុងសមុទ្រ បានថតរូបភាពអាពាហ៍ពិពាហ៍របស់នាងតែម្នាក់ឯង។

នាង Intan Syari និង លោក Rio Nanda Pratama បានកំណត់ថ្ងៃរៀបការជាមួយគ្នានៅថ្ងៃទី ១១ ខែវិច្ឆិកា។

ប៉ុន្ដែលោក Pratama បានស្លាប់ ខណៈដែលគាត់ត្រឡប់​មកស្រុកកំណើតដើម្បីរៀបការ នៅពេលជើងហោះហើរក្រុមហ៊ុន Lion Air គឺយន្តហោះ JT 610 បានធ្លាក់នៅថ្ងៃទី ២៩ តុលា បន្ទាប់ពីចេញដំណើរពីរដ្ឋធានីហ្សាការតាបាន ១៣ នាទី។

កញ្ញា Syari និយាយថា នាងចង់បំពេញបំណងប្រាថ្នាចុងក្រោយរបស់គាត់ និងផុសរូបភាពស្លៀកពាក់ឈុតមង្គលការពណ៌ស និងចិញ្ចៀនរៀបការរ​បស់នាង។

ស្ដ្រីវ័យក្មេងរូបនោះបានសរសេរនៅលើបណ្ដាញសង្គមថា "ទោះបីអូនមានអារម្មណ៍ទុក្ខសោកដែលអូនមិនអាចរៀបរាប់បានក៏ដោយ ក៏អូននៅតែញញឹមសម្រាប់បង។ អូនមិនយំនោះទេ អូននឹងរឹងប៉ឹងដូចដែលបងតែងប្រាប់អូនជានិច្ចកាលរហូតមក"។

នាងបាននិយាយថាមុនពេលគាត់ចាកចេញទៅជើងហោះហើរនោះ លោក Pratama បាននិយាយលេងសើចថា បើគាត់មិនអាចត្រឡប់មកវិញទាន់ពេលទេ នាងគួរតែរៀបការម្នាក់ឯងរួចថតរូបផ្ញើមកគាត់។

យន្ដហោះនេះបានដឹកមនុស្ស ១៨៩ នាក់ពីរដ្ឋធានីហ្សាការតា ទៅទីក្រុង Pangkal Pinang ហើយមិនមានអ្នកនៅរស់រានមានជីវិតពីការធ្លាក់យន្តហោះនោះទេ ខណៈដែលយន្តហោះ Boeing 737 មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

នៅលើបណ្ដាញសង្គម Instagram កញ្ញា Syari ក៏បានលើកឡើងថា នាងបានស្គាល់គូដណ្ដឹងរបស់នាងអស់រយៈពេល ១៣ ឆ្នាំមក ហើយគាត់ គឺជាស្នេហ៍ដំបូងរបស់នាងទៀតផង។

ប៉ុន្ដែជាអុកសល មជ្ជុរាជបានឆក់យកជីវិតគាត់ទៅបាត់ នៅពេលថ្ងៃរៀបមង្គលការជិតមកដល់ទៅហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត