ក្រុមអ្នកស៊ើបអង្កេតបង្ហាញតម្រុយខ្លះៗ ដែលបណ្តាលឱ្យធ្លាក់ឧទ្ធម្ភាគចក្ររបស់មហាសេដ្ឋីថៃម្ចាស់ក្លឹប Leicester City

ឧទ្ធម្ភាគចក្រ ដែលធ្លាក់និងសម្លាប់ម្ចាស់ក្លឹប Leicester City គឺធ្លាក់ពីលើមេឃកម្ពស់ ១៣១ ម៉ែត្រ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតមិនទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ គ្រាន់តែដឹងតម្រុយខ្លះៗប៉ុណ្ណោះ។

មហាសេដ្ឋីថៃលោក Vichai Srivaddhanaprabha បុគ្គលិកឈ្មោះ Nursara Suknamai និង Kaveporn Punpare អ្នកបើកយន្តហោះឈ្មោះ Eric Swaffer និងដៃគូឈ្មោះ Izabela Roza Lechowicz ត្រូវបានសម្លាប់នៅក្នុងគ្រោះថ្នាក់នេះកាលពីថ្ងៃទី ២៧ ខែតុលា។

វីដេអូនៃឧទ្ធម្ភាគចក្រដែលហោះចេញពីទីលានកីឡដ្ឋាន King Power បានបង្ហាញស្លាបចក្រនៅកន្ទុយបានដាច់ចេញ ខណៈដែលវាហោះសំកាំងនៅលើកីឡដ្ឋាន។

ប៉ុន្តែទីភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាស (AAIB) បាននិយាយថា ខ្លួននៅតែមិនទាន់អាចកំណត់ពីមូលហេតុនៃការធ្លាក់យន្ដហោះបានទេ ទោះបីជាគេមើលឃើញជាក់ស្តែងថាឧទ្ធម្ភាគចក្របានបត់មកស្តាំភ្លាមៗ ខណៈអ្នកបើកបរកាន់ដៃចង្កូតកាច់ទៅឆ្វេង ហើយ "វាមិនឆ្លើយតបនឹងបញ្ជារបស់គាត់" ក៏ដោយ។

របាយការណ៍បឋមរបស់ AAIB ដែលចេញផ្សាយកាលពីថ្ងៃពុធទី១៤វិច្ឆិកាក៏បានឱ្យដឹងផងដែរថា ការស៊ើបអង្កេតរបស់ខ្លួនអំពី "ប្រព័ន្ធស្លាបចក្រនៅកន្ទុយយន្តហោះ" កំពុងធ្វើឡើងជាអាទិភាព។ 

ហើយ AAIB ក៏កំពុងរកមើលមូលហេតុដែលដៃចង្កូតមិនស្តាប់បញ្ជារបស់អ្នកបើកយន្តហោះផងដែរ៕  

adverise with khmeread

អ្នកនឹងចូលចិត្ត