ដើរទារលុយថ្លៃបន្ទប់ជួល ហៅមិនឮក៏អើតមើល ឃើញចងកសម្លាប់ខ្លួន

​ភ្នំពេញ ៖ មនុស្សភេទទីបីម្នាក់ ត្រូវបានប្រជាពលរដ្ឋអ្នកជិតខាង ប្រទះឃើញស្លាប់ដោយសារចង.ក នៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង​៧ និង៣០នាទីយប់ ថ្ងៃ​ទី១៤ ​ខែវិច្ឆិកា  ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ជួលជាន់ទី២ ​តាមបណ្តោយផ្លូវលំបេតុង (ឌឿងហែម) កែងផ្លូវ១៣ ​ក្នុងសង្កាត់ផ្សារចាស់ ​ខណ្ឌដូនពេញ  រាជធានីភ្នំពេញ​។

​សមត្ថកិច្ចនិយាយថា ជនរងគ្រោះ (សព) ឈ្មោះ វិ សាល ភេទទី៣ អាយុប្រមាណ២០ឆ្នាំ រស់នៅជាមួយម្នាក់ទៀតជាប្តីប្រពន្ធ ភេទទី៣ដូចគ្នា​។ 

​តាមសម្តីម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា ដំបូងរូបគាត់បានឡើងទៅបន្ទប់លេខ០១៥ ជាបន្ទប់ជនរងគ្រោះ ដើម្បីទារលុយថ្លៃបន្ទប់ជួល​។ គាត់បានស្រែកហៅ តែមិនឆ្លើយ រូបគាត់ក៏អើតមើលស្រាប់តែឃើញជនរងគ្រោះ មានសភាពចង.ក សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ​។ 

​ម្ចាស់ផ្ទះដដែលបន្តថា  ជនរងគ្រោះ (សព) ទើប មកជួលបន្ទប់កើតហេតុ រស់នៅពីរនាក់ ទំនងស្រលាញ់ភេទដូចគ្នា​។ ជនរងគ្រោះ (សព) តែងខ្លួនធ្វើជាស្រីឯម្ខាងទៀតធ្វើជាប្រុស បានមួយខែប៉ុណ្ណោះ ហើយខាងប្រុសបានចេញពីបន្ទប់ជួលខាងលើ អស់រយៈពេលមួយអាទិត្យមកហើយ មិនដឹងទៅទីណានោះទេ ទើបកើតរឿងនេះឡើង​។ 

​ក្រោយសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចរាល់ថាពិតជាអំពើអត្តឃាតពិតប្រាកដមែន បានដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី​៕


 

adverise with khmeread