ផ្ទះនៅផ្សារដើមគរ, ទិញថ្នាំញៀនពីមុខវាំងទៅលក់នៅស្អាង, ត្រូវប៉ូលិសវ៉ៃខ្នោះ

​កណ្តាល ៖ ប៉ូលិសស្រុកស្អាងបានឃាត់បុរសម្នាក់ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) នាថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៤ និង២០នាទីល្ងាចនៅចំណុចភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ មាស សុខនីម ហៅ និ ភេទប្រុស អាយុ​៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ថ្នាំញឿន សព្វថ្ងៃស្នាក់នៅម្តុំ ផ្សារដើមគរ រាជធានីភ្នំពេញ​។ វត្ថុតាងចាប់យករួមមាន៖ ១. ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ​, ២ .ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក TTX ពណ៌ខ្មៅ លាយ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BY-3919 និង៣ .ទូរស័ព្ទ ចំនួន ០១គ្រឿង ម៉ាក ណូគា អិនចុចពិល ពណ៌ ខៀវ​។

​ប៉ូលិសបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ​។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកអំបិល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ មាស សុខនីម ហៅនិ កំពុងជិះម៉ូតូ ​បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាង ដើម្បីសាកសួរ​។

​នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ មាស សុខនីម ហៅ និ បានសារភាពថា គ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំនេះ ខ្លួនបានពីឈ្មោះ គា ភេទប្រុស អាយុ​៣៩ឆ្នាំ នៅចំណុច មាត់ទន្លេមុខវាំង រាជធានីភ្នំពេញ ដើម្បីយកទៅលក់ឱ្យគេមិនស្គាល់ឈ្មោះនៅឃុំព្រែកអំបិល ស្រុកស្អាង ក្នុងតម្លៃ ៤៥០ដុល្លារ ហើយខ្លួន (មាស សុខនីម) បានថ្លៃឈ្នួលចំនួន ៥០ដុល្លារ​។

​ជនសង្ស័យ ឈ្មោះ មាស សុខនីម ហៅ និ បានសារភាពបន្ថែមទៀតថា ខ្លួនធ្លាប់យកគ្រឿងញៀន (ម៉ាទឹកកក) យកមកលក់ឱ្យគេមិនស្គាល់ឈ្មោះឃុំព្រែកអំបិល ស្រុកស្អាង ចំនួន ០១លើក រួចមកហើយ បានតម្លៃ ៤៥០ ដុល្លារ​។

​បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕

adverise with khmeread