adverise with khmeread 01fec01a c507 4c44 922c bdfe13f894e1

គ្រឿងញៀន​តម្លៃ​ជាង​១​លាន​ដុល្លារ​ត្រូវបាន​អាវុធហត្ថ​បង្ក្រាប​

      ភ្នំពេញ ៖ គ្រឿងញៀន​ប្រភេទ ម៉ា​ទឹកកក ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​អាយ ជាង​បី​គីឡូក្រាម តម្លៃ​ជាង​១​ម៊ឺ​ន​ដុល្លារ និង ថ្នាំ​គ្រាប់​WY ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន​១៧​សុង​ស្មើនឹង​ជាង​១០​ម៊ឺ​ន​គ្រាប់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាបបាន​នាពេល​ថ្មីៗ​នេះ ហើយ​បានធ្វើ​តេស្ត​ពី ម្សិល​ម៊ិ​ញ​បញ្ជាក់ថា​ជា​ថ្នាំ​សុទ្ធ​១០០​ភាគរយ​និង​ចាប់​ខ្លន​ជនសង្ស័យ​សរុប​៦​នាក់​។ មន្ត្រី​អាវុធហត្ថ​បង្ហើប​ឱ្យដឹងថា​ប្រសិន​ពួក​ជួញដូរ​នាំចេញទៅ​បរទេស​បាន​ពួកគេ​អាច​លក់បាន​ដល់​ទៅ​៥​លាន​ដុល្លារ​។​

      លោក​ឧ​ត្ត​ម​សេនីយ៍ ​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នា​ថ្ងៃទី​៣​មីនា​នេះ​ថា ដោយមាន​ការដឹកនាំ​បញ្ជា​ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ​កម្លាំង ជំនាញ​មន្ទីរ​យុត្តិធម៌ និង​កម្លាំង​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​បាន​សហការគ្នា​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជា ច្រើន​ខែ ទើប​កំណត់​មុខសញ្ញា​បាន ឈានដល់​ការបង្ក្រាប​ជាក់ស្តែង នូវ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ។​

      ប្រតិ​ប​តិ​ការបង្ក្រាប​ខាងលើនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃទី ២៨​កុម្ភៈ​ឆ្នាំ​២០១៦​នៅ​ចំណុច​ចំណតរថយន្ត ក្រុមហ៊ុន​អង្គរ​អ៊ិ​ច​ប្រេ​ស ក្បែរ​គល់ស្ពាន​ជ្រោយចង្វារ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដោយ​ចាប់​យកបាន គ្រឿងញៀន ប្រភេទ ម៉ា​ទឹកកក ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​អាយ​ជាង​បី​គីឡូក្រាម និង ថ្នាំ​គ្រាប់​WY ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន​១៧​សុង និង​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​ឈ្មោះ ឌី ធូ​រ៉ា ហៅ​ត្រា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ក្នុងខណៈ​ពេលដែល បុរស​រូបនោះ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ជាក់ស្តែង​។​

      តាមរយៈ​ចម្លើយសារភាព​របស់​ជ​ន​ល្មើស ដែល​ឃាត់ខ្លួន​បាន​ខាងលើ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រកឃើញ​អ្នក​ជាប់ ពាក់ព័ន្ធ​បាន​៥​នាក់ ផ្សេងទៀត ដែលជា​ទណ្ឌិត​កំពុង​អនុវត្ត​ទោសក្នុង​ពន្ធនាគារក្នុងនោះ​មាន​ជនជាតិខ្មែរ​២​នាក់ជនជាតិ  វៀតណាម​ម្នាក់​និង ជនជាតិ​ស្បែក​ខ្មៅ​២​នាក់​។​

      លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង បានបញ្ជាក់​បន្ថែមថា ជនល្មើស​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឌី ធូ​រ៉ា បានធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នេះ គឺ​ក្រោម​ការចាត់ចែង​បញ្ជា​ផ្ទាល់ ចេញពី​ក្នុង​ពន្ធនាគារ ដែលមាន​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ស្បែក​ខ្មៅ​ពីរ​នាក់ ជា​មេក្លោង​ធំ​រីឯ​ជនជាតិ ខ្មែរ​ពីរ​នាក់​ទៀត​ដែល​នៅក្នុង​គុក​ដែរនោះ ជា​អ្នកទំនាក់ទំនង​ជាមួយ​មេក្លោង​ធំ បញ្ជា​បន្ត​មក​ខាងក្រៅ​។​

      លោក​បញ្ជាក់ថា ឈ្មោះ ឌី ធូ​រ៉ា ដែល​នៅ​ខាងក្រៅ គឺ​ចាំ​ទទួលបញ្ជា ពី​អ្នក​នៅក្នុង​គុក ឲ្យ​ចាំ​ទទួល​ថ្នាំញៀន​ពី​មនុស្ស​ផ្សេងទៀត ដែល​វា​មិន​ស្គាល់ ក្នុងនោះ​មាន​ជនជាតិខ្មែរ និង​ជនជាតិ​ស្បែក​ខ្មៅ ដែល​ធ្លាប់​បានប្រគល់​ថ្នាំញៀន​ឲ្យ​វា ជា​អ្នក​យកទៅ​បែងចែក​បន្ត​នៅពេល​មាន​បញ្ជា​ពី​អ្នក​នៅក្នុង​គុក តាមរយៈ​ទូរស័ព្ទ ថា​ត្រូវ​យកទៅ​ឲ្យ​អ្នកណា នៅ​កន្លែង​ណា​ចំនួន​ប៉ុន្មាន​? ហើយ​អ្នក​ដែល មក​ទទួលយក​ពី​វា ក៏​វា​មិន​ស្គាល់​ដែរ​។​

    នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្កើត គណៈ កម្ម​ការ ដែលមាន​ការចូលរួម​ត្រួតពិនិត្យ​ពី​ព្រះរាជ អាជ្ញា ហ៊ឹង ប៊ុនថន និង​លោក ឡេង ណា​ង ជា​ក្រឡាបញ្ជី ដើម្បី​ធ្វើការ​រាប់​ចំនួន ថ្លឹង និង​ធ្វើតេស្ត​ជា​លទ្ធផល​បង្ហាញ​ឲ្យ​ឃើញថា​មាន ថ្នាំ​គ្រាប់ WY ឬ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ មាន​ចំនួន ដប់​ម៉ឺន បី​ពាន់ ប្រាំមួយរយ​គ្រាប់ និង​ម៉ា​ទឹកកក ឬ​ហៅថា មេ​តំ​ហ្វេ​តា​មីន​អាយ​ចំនួន បី​គីឡូក្រាម​មួយ​ខាំ។ តាមរយៈ​ការធ្វើ​តេស្ត៍​ឃើញថា ថ្នាំញៀន​ទាំងអស់នោះ មាន​គុណភាព​សុទ្ធ 100​ភាគរយ។​

     បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ដែល​បាន​ចាប់យក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី ។ រីឯ​បក្សពួក​ជនល្មើស ដែល​នៅ​សេសសល់​ផ្សេងៗ​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ប្រ​ម៉ាញ់​បន្ត​៕​

adverise with khmeread

មតិយោបល់