លោកត្រាំថាភ្លើងព្រៃនៅកាលីហ្វ័រញ៉ាអាចទប់ស្កាត់បាន "បើគេនាំគ្នាយកអំបោសបោសស្លឹកឈើចេញពីព្រៃឱ្យអស់ដូចនៅហ្វាំងឡង់" អ្នកលេងអ៊ីនធឺណេតនាំគ្នាបាញ់ត្រាំផ្អើល Twitter

លោក ដូណាល់ ត្រាំ ត្រូវបានគេចម្អកឡើងស្ពឹកមុខនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីឱ្យដំបូន្មានដល់មន្រ្តីនៅរដ្ឋកាលីហ្វ័រញ៉ាដែលរងការបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃឱ្យធ្វើដូចនៅប្រទេសហ្វាំងឡង់ ដោយ "នាំគ្នាបោសសំអាតស្លឹកឈើចេញពីព្រៃឱ្យស្អាត"។

លោកត្រាំបានថ្លែងដូច្នេះ អំពីអគ្គីភ័យដែលបានបណ្តាលឱ្យមនុស្ស ៧៩ នាក់ស្លាប់និងជាង ១២០០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួនខណៈដែលលោកបានមកពិនិត្យមើលភ្លើងព្រៃដែលកំពុងហុយផ្សែងនៅឡើយនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងកាលពីថ្ងៃសៅរ៍។

លោកប្រធានាធិបតីត្រាំបានលើកឡើងពីអត្ថាធិប្បាយពីប្រធានាធិបតីហ្វាំងឡង់អំពីរបៀបដែលប្រទេសហ្វាំងឡង់ដោះស្រាយជាមួយព្រៃឈើរបស់ខ្លួន ដោយគាត់និយាយថា ពលរដ្ឋហ្វាំងឡង់បានចូលរួមក្នុង "ការបោសសម្អាតកម្ទេចកម្ទីផ្សេងៗ ហើយពួកគេមិនដែលមានបញ្ហាអ្វីនោះទេ"។

ប៉ុន្តែអ្នកប្រើប្រាស់ Twitter ជាពិសេសនៅក្នុងប្រទេសហ្វាំងឡង់ភ្លាមៗបាននាំគ្នាចម្អកឱ្យត្រាំចំពោះការយល់ខុសរបស់គាត់ ដែលជឿថាប្រជាជនហ្វាំងឡង់បានចំណាយពេលទំនេររបស់ពួកគេដើម្បីបោសស្លឹកឈើនៅក្នុងព្រៃជាតិដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ នៅក្នុងរូបភាពចម្អកជាច្រើនសន្លឹកដែលភ្ជាប់ជាមួយ Hashtag សរសេរថា "RakeNews" (ដំណឹងបោសសំរាម) ដែលជាសូរស័ព្ទស្រដៀងទៅនឹង "FakeNews" (ដំណឹងក្លែងក្លាយ) ដែលត្រាំចូលចិត្តលើកមកនិយាយ។

អ្នកលេងបណ្តាញសង្គមជាច្រើនបានឆ្លើយតបជាមួយរូបភាពកាត់ត មនុស្សកំពុងប្រើម៉ាស៊ីនបូមធីលីបូមយកស្លឹកឈើក្នុងព្រៃ កណ្តុរចូលព្រៃដោយកាន់អំបោសទុកបោសស្លឹកឈើ និងសូម្បីរូបលោកត្រាំកំពុងបញ្ជាក្មេងឱ្យយកម៉ាស៊ីនកាត់ស្មៅមកឱ្យគាត់ទៀតផងដើម្បីប្រញាប់យកទៅសម្អាតស្លឹកឈើក្នុងព្រៃ។ 

ពិតណាស់ រូបភាពទាំងនោះគឺដើម្បីចម្អកទៅលោកត្រាំ ដែលលើកឡើងថា បើគ្រាន់តែនាំគ្នាបោសស្លឹកឈើចេញឱ្យអស់ នោះភ្លើងព្រៃនៅកាលីហ្វ័រញ៉ានឹងមិនកើតឡើងនោះទេ។ 

អ្នកខ្លះកាត់តរូបលោកត្រាំកំពុងឈរនៅជិតភ្លើងព្រៃដ៏សន្ធោរសន្ធៅរួចនិយាយថា "តើខ្ញុំអាចសុំបោសស្លឹកឈើនៅទីនេះបន្តិចទៀតបានទេ?"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត