adverise with khmeread 4 thoughts

ការគិតចំនួន ៤ ដែលធ្វើឲ្យអ្នកសុញមិនហ៊ានធ្វើខ្លួនជាអ្នកជោគជ័យ

ហេតុអ្វីបានជាមនុស្សភាគច្រើនពិបាកទទួលបានជោគជ័យម៉្លេះ? អ្នកប្រហែលធ្លាប់ជួបប្រទះនឹងរបៀបគិតមួយចំនួន ដែលធ្វើឲ្យខ្លួនអ្នកសុញគំនិតមិនអាចបង្កើតភាពជោគជ័យដែលចង់បាននោះទេ។ ខាងក្រោមនេះគឺជាការគិតមួយចំនួនដែលធ្វើឲ្យអ្នកសុញមិនហ៊ានធ្វើខ្លួនជាអ្នកជោគជ័យទេ៖  

១. បន្ទោសអ្នកដទៃ

នេះគឺជាការគិតទូទៅបំផុតចំពោះមនុស្សភាគច្រើនដែលមិនធ្វើសកម្មភាពដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ ពួកគេគិតអ្វីមិនចេញបានតែត្រឹមបន្ទោសទៅលើឪពុកម្តាយ គ្រូបង្រៀន រដ្ឋាភិបាល ឬអ្នកផ្សេងទៀតប៉ុណ្ណោះ។ អ្វីដែលយើងគួរធ្វើគឺត្រូវមើលខ្លួនឯង និងចេះឆ្ងល់ថាហេតុអ្វីបានជាយើងមិនឡើងប្រាក់ខែដូចគេ ឬឡើងតំណែងដូចគេ។
យើងត្រូវតែចាត់វិធានការប្រឹងប្រែងធ្វើការដើម្បីឲ្យបានដូចគេ មិនមែនរង់ចាំតែស្តីបន្ទោសនេះស្តីបន្ទោសនោះនោះទេ។ 

២. យកលេសថាខ្វះធនធាន

"ខ្ញុំមិនអាចចាប់ផ្តើមអាជីវកម្មតាមអនឡាញបានទេ ព្រោះខ្ញុំអត់មានពេល អត់មានលុយ ឬជំនាញធ្វើវាទេ"។ "ខ្ញុំមិនអាចទៅកន្លែងហាត់ប្រាណបានទេព្រោះវាឆ្ងាយពេក ហើយថ្លៃទៀត"។ "ខ្ញុំមិនអាចរកបានដៃគូសក្តិសមទេ ព្រោះខ្ញុំអត់មានពេលចេញក្រៅជួបមនុស្សម្នាទេ"។ ស្តាប់ទៅដូចធ្លាប់ជួបទេ? 

យើងឧស្សហ៍ប្រើលេសនេះដើម្បីគេចពីការប្រឹងប្រែងសូម្បីលើរឿងដែលយើងចង់ធ្វើបំផុត និងរឿងដែលធ្វើឲ្យយើងរីករាយក៏ដោយ។ យើងចំណាយពេលរាប់ម៉ោងអង្គុយមើលទូរទស្សន៍ ហើយរអ៊ូថាអត់មានពេលទៅហាត់ប្រាណ ឬទៅរៀនប​ន្ថែម។ យើងខ្ជះខ្ជាយលុយលើរបស់ដែលយើងមិនត្រូវការ​ រួចនិយាយថាយើងអត់លុយចាប់ផ្តើមអាជីវកម្មទេ។
យើងត្រូវតែយករឿងនេះមកគិត ហើយបោះចោលលេសទាំងនេះឲ្យអស់។ យើងត្រូវតែងើបចេញពីស្ថានភាពសុខស្រួល និងធ្វើនូវអ្វី ដែលយើងត្រូវធ្វើដើម្បីបង្កើតភាពជោគជ័យ
និងសុភមង្គល ដែលយើងសមនឹងទទួលបាន។ 

៣. ខ្លាចបរាជ័យ

មនុស្សជាច្រើនមិនហ៊ានប្រាថ្នាខ្ពស់ទេ ព្រោះពួកគេគិតក្នុងចិត្តដោយស្វ័យប្រវត្តិថា ពួកគេនឹងបរាជ័យ ហើយនឹងត្រូវមិត្តភក្តិ គ្រួសារ និងអ្នកស្គាល់គ្នាសើចចំអកឲ្យ។ អ្វីដែលមនុស្សគួរគិតគឺថា បរាជ័យគឺជាផ្នែកមួយនៃការរៀនសូត្រ និងការបង្កើតភាពជោគជ័យ។ តាមការនិយាយតៗគ្នា លោក Thomas Edison បានបរាជ័យ ១០.០០០ ដងមុនពេលបង្កើតបានអំពូលភ្លើងមួយ។ ហើយគាត់បានបង្កើតវត្ថុផ្សេងទៀតជាច្រើនបន្ទាប់ពីបង្កើតបានអំពូលភ្លើងនោះរួច។ 

កាលនៅតូចតើអ្នកបានរៀននិយាយតាមម្តាយឪពុកប៉ុន្មានដងទើបចេះនិយាយពាក្យទីមួយ តើអ្នកដួលប៉ុន្មានដងពេលរៀនជិះកង់ តើអ្នកដួលប៉ុន្មានដងពេលរៀនដើរដំបូង? បរាជ័យគឺជារឿងត្រូវមានចាំបាច់មុនឈានដល់ភាពជោគជ័យ ដូច្នេះត្រូវចេះស្រវាឱបភាពបរាជ័យជាមុន។ 

៤. ខ្វល់ពីរឿងអតីតកាលអវិជ្ជមាន

ការលំបាកទូទៅដែលកើតមានលើមនុស្ស និងគំនិតរបស់ពួកគេគឺប្រហែលមកពីពួកគេធ្លាប់ជួបការលំបាកពីអតីតកាល ឬទុក្ខវេទនា ដែលធ្វើឲ្យពួកស្ទាក់ស្ទើរមុជទៅមុខមិនជ្រៅ។
ពួកគេចូលចិត្តគិតអំពីកាលពីពួកគេធំឡើងមានជំងឺរ៉ាំរ៉ៃតាមជាប់មកជាមួយ រៀនអន់នៅសាលា និងពុំមានទំនុកបម្រុងគ្រប់គ្រាន់ដូចគេដូចឯង។ 

រឿងនេះគឺគេយល់ណាស់ ប៉ុន្តែអ្នកមានធ្លាប់ឭរឿងរ៉ាវរបស់មនុស្សមួយចំនួនទេ? ដូចជាតារាចម្រៀងរ៉ែប 50 Cent ជាដើម ដែលរូបគេធ្លាប់រស់នៅក្នុងជីវិតជាឧក្រិដ្ឋជន និងថែមទាំងធ្លាប់ត្រូវគ្រាប់ប៊ិះស្លាប់ទៀត ប៉ុន្តែក្រោយមក រូបគេមិនបានខ្វល់ពីអតីតកាលទេ និងបានប្រែខ្លួនក្លាយជាអ្នកចម្រៀងដ៏ល្បីល្បាញ។ ហើយមានមនុស្សច្រើនទៀត ដែលធំដឹងក្តីក្នុងផ្ទះបាក់បែក​តែគេអាចរកវិធីធ្វើឲ្យជីវិតល្អប្រសើរ។ គន្លឹះដោះស្រាយរឿងនេះគឺថា អ្នកត្រូវតែស្វែងរកសោដែលត្រូវនឹងទ្វារ។ សោគឺសំដៅលើការប្រឹងប្រែងលើរឿងដែលត្រឹមត្រូវ ហើយទ្វារគឺសំដៅលើបែបផែនជីវិតដែលអ្នកចង់បាន។ ត្រូវធ្វើសកម្មភាពពីឥឡូវទៅ កុំនឹកនាអតីតកាលអវិជ្ជមាន៕ 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់