adverise with khmeread 1

សម្រង់​ពាក្យ​ល្អ​ដាច់​គេ​ទាំង ១០ របស់​មហាសេដ្ឋី​ចិន លោក ជែក ម៉ា​

    ​ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba លោក ជែក ម៉ា គឺជា​មេដឹកនាំ​ធុរកិច្ច​ដែល​ចាប់ផ្តើម​បើក​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ​ជុំវិញ​សកលលោក​ជាមួយ​មិត្តភក្តិ ១៨ នាក់​ចេញពី​អគារ​ផ្ទះល្វែង​ដ៏​តូច​មួយ​របស់ខ្លួន​ក្នុង​ឆ្នាំ ១៩៩៩ ក្នុង​ទីក្រុង​ហាង​ចូ​វ​។ វា​ជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​ណាស់ ដែល​បុរស​សាមញ្ញ​ម្នាក់​អាចបង្កើត​ចក្រភព​អន​ឡាញ​ដ៏​ធំ​សម្បើម​ជាមួយនឹង​ទស្សនៈវិស័យ​ផ្ទាល់ខ្លួន​របស់គាត់ និង​ធនធាន​តិចតួច​បំផុត​។

​    ​ខាងក្រោម​នេះ​គឺជា​សម្រង់​ពាក្យ​ល្អ​ដាច់​គេ​ទាំង ១០ របស់លោក​ជែក ម៉ា​៖
​    ​១. ទាក់ទង​នឹង​គោលដៅ​វែងឆ្ងាយ​
​    ​"​គ្មាន​បញ្ហា​នោះទេ ប្រសិនបើ​ខ្ញុំ​បរាជ័យ​។ យ៉ាងហោចណាស់ ខ្ញុំ​បាន​ផ្ទេរ​គំនិត​ទៅ​អ្នកផ្សេង​។ បើទោះបីជា​ខ្ញុំ​មិន​ជោគជ័យ តែ​អ្នកផ្សេង​នឹង​ជោគជ័យ​"​។

​    ​២. ទាក់ទង​នឹង​ការប្រកួតប្រជែង​ផ្នែក​ទីផ្សារ​
​    ​"​អ្នក​គួរ​រៀន​តាម​គូប្រជែង​របស់​អ្នក ប៉ុន្តែ​កុំ​ចម្លង​តាម​គេ​។ បើ​ចម្លង​តាម​គេ អ្នកនឹង​ស្លាប់​"​។

​    ​៣. ទាក់ទង​នឹង​ការងារ​ជា​ក្រុម​
​    ​"​ប្រសិន​​បើ​យើង​មាន​ក្រុម​ដ៏​ល្អ​មួយ និង​ដឹង​នូវ​អ្វីដែល​យើង​ចង់​ធ្វើ នោះ​មនុស្ស​ម្នាក់​ក្នុងចំណោម​ពួកយើង​នឹង​អាច​ផ្តួល​គូប្រជែង​ដល់​ទៅ ១០ នាក់​"​។

​    ​៤. ទាក់ទង​នឹង​អត្ថប្រយោជន៍​នៃ​ការបញ្ចេញ​ទស្សនៈ​យល់ឃើញ​ខុសៗ​គ្នា​
​    ​"​មនុស្ស​ឆ្លាត​ត្រូវការ​មនុស្ស​ល្ងង់​ដឹកនាំ​ពួកគេ​។ នៅពេល​ក្រុម​មួយ​មាន​សុទ្ធតែ​អ្នកប្រាជ្ញ វា​ជាការ​ប្រសើរ​បំផុត​ដែល​ត្រូវមាន​មនុស្ស​ល្ងង់​ម្នាក់​ជា​អ្នកដឹកនាំ​។ របៀប​គិត​របស់​មនុស្ស​ល្ងង់​គឺ​ខុសពី​យើង​។ យើង​នឹង​ឈ្នះ​យ៉ាង​ងាយស្រួល ប្រសិនបើ​យើង​មាន​មនុស្ស​ដែល​អាច​មើលឃើញ​ពី​ទស្សនៈ​យល់ឃើញ​ខុសៗ​គ្នា​"​។

​    ​៥. ទាក់ទង​នឹង​ការចាប់ផ្តើម​បើក​អាជីវកម្ម​
​    ​"​ប្រសិនបើ​អ្នក​ចង់​លូតលាស់ ត្រូវ​ស្វែងរក​ឱកាសល្អ​។ ថ្ងៃនេះ ប្រសិនបើ​អ្នក​ចង់​ក្លាយជា​ក្រុមហ៊ុន​ដ៏​អស្ចារ្យ ត្រូវ​គិត​អំពី​អ្វី​ទៅជា​បញ្ហា​សង្គម​ដែល​អ្នក​អាច​ដោះស្រាយបាន​"​។

​    ​៦. ទាក់ទង​នឹង​ឥរិយាបថ​ការងារ​
​    ​"​ប្រសិនបើ​យើង​ទៅធ្វើ​ការ​នៅ​ម៉ោង ៨ ព្រឹក ហើយ​ទៅផ្ទះ​នៅ​ម៉ោង ៥ ល្ងាច នេះ​មិនមែនជា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ខ្ពស់​នោះទេ ហើយ Alibaba នឹងមិន​ទទួលបាន​ជោគជ័យ​នោះឡើយ​។ ប្រសិនបើ​យើង​មាន​ស្មារតី​ធ្វើការ​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៥ ល្ងាច អ៊ីចឹង​យើង​គួរតែ​ទៅធ្វើ​អ្វី​ផ្សេង​ល្អ​ជាង​"​។

​    ​៧. ទាក់ទង​នឹង​ការតស៊ូ​ព្យាយាម​
​    ​"​ថ្ងៃនេះ​លំបាក​វេទនា​។ ថ្ងៃស្អែក​រឹតតែ​លំបាក​វេទនា​។ ហើយ​ថ្ងៃ​បន្ទាប់ពី​ថ្ងៃស្អែក​នឹង​ស្រស់បំព្រង​ជាមិនខាន​"​។

​    ​៨. ទាក់ទង​នឹង​ការប្តេជ្ញាចិត្ត​
​    ​"​យើង​នឹង​បង្កើត​វា​ឱ្យបាន ព្រោះ​យើង​នៅ​ក្មេង ហើយ​យើង​នឹងធ្វើ​វា​ឱ្យបាន​ព្រោះ​យើង​នៅ​ក្មេង​ហើយ​យើង​នឹងមិន​បោះបង់​នោះឡើយ​"​។​

​    ​៩. ទាក់ទង​នឹង​ក្តី​ស្រឡាញ់​អស់ពី​ចិត្ត​
​    ​"​ក្នុងការ​អនុវត្ត​ពាណិជ​កម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) រឿង​សំខាន់បំផុត​គឺ​ត្រូវ​បន្តធ្វើ​នូវ​អ្វីដែល​អ្នក​កំពុង​ធ្វើ​សព្វថ្ងៃនេះ ជាមួយនឹង​ក្តី​ស្រឡាញ់​អស់ពី​ចិត្ត​។ ត្រូវតែ​រក្សា​វា​ឱ្យបាន​ជានិច្ច​"​។     ​

​    ​១០. ទាក់ទង​នឹង​ការផ្តោត​សំខាន់​
​    ​"​ប្រសិនបើ​អ្នក​មិន​បោះបង់ចោល​ទេនោះ អ្នកនឹង​នៅតែមាន​ឱកាស​។ ហើយ​នៅពេល​អ្នកមាន​មាឌតូច​នៅឡើយ​នោះ អ្នក​ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំង និង​ត្រូវ​ពឹង​លើ​ខួរក្បាល​របស់​អ្នក មិនមែន​កម្លាំងបាយរ​បស់​អ្នក​នោះទេ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់