បន្ទាប់ពីផលិតឡានបានដោយខ្លួនឯងលើកដំបូង ឥឡូវវៀតណាមគ្រោងនឹងលក់ស្មាតហ្វូនដំបូងរបស់ខ្លួន ដើម្បីឱ្យពិភពលោកចាប់ផ្តើមស្គាល់ម៉ាកផលិតផលខ្លួន

ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនចុះបញ្ជីធំជាងគេនៅវៀតណាមផ្អែកតាមតម្លៃទីផ្សារ នឹងចេញលក់ស្មាតហ្វូនដំបូងរបស់ខ្លួននៅថ្ងៃទី ១៤ ខែធ្នូ ជាផ្នែកមួយនៃការផ្លាស់ប្តូររបស់ខ្លួនចូលទៅក្នុងវិស័យបច្ចេកវិជ្ជានិងឧស្សាហកម្ម។

ដោយធ្លាប់តែជាក្រុមហ៊ុនចម្រុះផ្តោតតែលើអចលនទ្រព្យនិងការលក់រាយ ឥឡូវក្រុមហ៊ុន Vingroup បានឱ្យដឹងកាលពីថ្ងៃចន្ទទី៣ធ្នូថា ខ្លួននឹងចាប់ផ្តើមលក់ទូរស័ព្ទស្មាតហ្វូនចំនួន៤ម៉ូដែលក្រោមឈ្មោះម៉ាក Vsmart ។ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេរបស់ប្រទេសកាលពី២ខែមុន។

ក្រុមហ៊ុន Vingroup នឹងស្វែងរកភាពជោគជ័យសម្រាប់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសដែលមានប្រជាជន ៩៥ លាននាក់ កន្លែងដែលគូប្រជែងតូចៗមិនអាចយកឈ្នះប្រជាប្រិយភាពនៃទូរស័ព្ទរបស់ Samsung និង Apple បានទេ។ ប្រទេសវៀតណាមគឺជាមូលដ្ឋានផលិតស្មាតហ្វូនធំបំផុតសម្រាប់ក្រុមហ៊ុន Samsung Electronics។

ក្រុមហ៊ុន Vingroup បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូរស័ព្ទ Vsmart ត្រូវបានផលិតនៅក្នុងរោងចក្ររបស់ខ្លួននៅក្នុងទីក្រុងហៃហ្វុងភាគខាងជើងប្រទេសវៀតណាមដោយមានសមត្ថភាពផលិតទូរស័ព្ទបាន ៥ លានគ្រឿងក្នុងមួយឆ្នាំនៅក្នុងដំណាក់កាលដំបូង ដោយបន្ថែមថាបច្ចុប្បន្នក្រុមហ៊ុននេះកាន់កាប់ភាគហ៊ុន ៥១ភាគរយ របស់ក្រុមហ៊ុនបច្ចេកវិជ្ជាអេស្ប៉ាញ BQ ហើយនឹងប្រើប្រាស់អ្នកឯកទេសអេស្ប៉ាញសម្រាប់ការអភិវឌ្ឍការផលិតផល។

លោក Nguyen Viet Quang អនុប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Vingroup បាននិយាយថា "យើងសង្ឃឹមថាទូរស័ព្ទ Vsmart រួមជាមួយរថយន្ត VinFast នឹងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មវៀតណាមនិងនាំយកម៉ាកវៀតណាមទៅកាន់ពិភពលោក"។

Vingroup បាននិយាយថារោងចក្រ Vsmart របស់ខ្លួនក៏នឹងផលិតទូរទស្សន៍ឆ្លាតនិងផលិតផលឆ្លាតដទៃទៀតនាពេលអនាគតផងដែរ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត