adverise with khmeread Rich easily

គន្លឹះពីមហាសេដ្ឋី: របៀបក្លាយជាអ្នកមានយ៉ាងងាយស្រួល

ការរស់នៅពឹងផ្អែកលើប្រាក់ខែបានក្លាយជាទម្លាប់មួយរបស់មនុស្សភាគច្រើន ហើយអ្នកនឹងមិនអាចក្លាយជាអ្នកមានបានទេព្រោះអ្នកគ្មាននៅសេសសល់អ្វីទេ បន្ទាប់ "មន្ត្រីប្រមូលថ្លៃទឹកភ្លើងប្រចាំខែ" បានមកដកហូតចំណែកខ្លះនៃប្រាក់ខែរបស់អ្នក។ ស្តាប់ទៅទាល់តែជួបរឿងសំណាង និងផ្សងល្បែងឆ្នោតទើបអាចក្លាយជាអ្នកមាន ប៉ុន្តែបើដឹងពីកូនគំនិតតែបន្តិចប៉ុណ្ណោះ វានឹងអាចនាំអ្នកឆ្ពោះទៅរកការក្លាយជាអ្នកមានជាមិនខាន។ កូនគំនិតនោះគឺត្រូវរៀនគន្លឹះមួយចំនួនពីមហាសេដ្ឋី រួចបន្ទាប់មកអ្នកនឹងមើលឃើញលុយរបស់អ្នកលូតលាស់ជាមិនខាន។ 

- ធ្វើផែនការថវិកា និងផែនការហិរញ្ញវត្ថុ
ប្រសិនបើអ្នកចង់ឲ្យលុយរបស់អ្នកលូតលាស់ អ្នកត្រូវតែចាប់ផ្តើមបង្កើតផែនការថវិកា និងហិរញ្ញវត្ថុឆ្លាតវៃមួយ។ រក្សាសៀវភៅកត់ត្រាមួយដើម្បីសរសេរលំអិតអំពីផែនការរបស់អ្នកនិងប្រកាន់ខ្ជាប់នឹងវាជានិច្ច។ ផែនការថវិកា និងហិរញ្ញវត្ថុអាចប្រើការបានទាល់តែអ្នកមានឆន្ទៈអនុវត្តតាមវាឲ្យអស់ពីចិត្ត។ សរសេរចូលរាល់ចំណូលរបស់អ្នក បន្ទាប់មកបូកសរុបរាល់វិក្កយប័ត្រត្រូវសងនានាដើម្បីដឹងថាតើអ្នកត្រូវចំណាយអស់ប៉ុន្មាន។ អ្វីដែលសំខាន់បំផុតគឺត្រូវធ្វើឲ្យប្រាកដថាអ្នកត្រូវមានលុយគ្រប់គ្រាន់ដើម្បីទ្រទ្រង់គ្រួសារ។ ប្រសិនបើវិក្កយប័ត្រចំណាយរបស់អ្នកធំជាងចំណូល អ្នកចាំបាច់ត្រូវតែធ្វើការកែតម្រូវមួយចំនួន។ 

មុនពេលអ្នកសម្រេចចិត្តវិនិយោគឬយកលុយរបស់អ្នកប្រើក្នុងទិសដៅផ្សេង អ្នកត្រូវតែបង់វិក្កយប័ត្រទឹកភ្លើង និងវិក្កយប័ត្រផ្សេងៗឲ្យអស់។ ការជាប់បំណុលនឹងមិនអាចឲ្យអ្នកសម្រេចបានសក្តានុពលហិរញ្ញវត្ថុពេញលេញរបស់អ្នកនោះទេ ដូច្នេះត្រូវចេះកាត់បន្ថយចំណាយមិនចាំបាច់ផ្សេងៗឲ្យបានច្រើន។ 

- បង្កើតប្រភពចំណូលចម្រុះ
ជាការពិត ការនាំមកនូវចំណូលស្ថេរមួយគឺមានសារៈសំខាន់ណាស់ ប៉ុន្តែនៅពេលនិយាយដល់ការក្លាយជាសេដ្ឋី ការនាំមកនូវប្រភពចំណូលចម្រុះគឺរឹតតែសំខាន់ទៅទៀត។ ត្រូវស្វែងរកការងារក្រៅម៉ោងបន្ថែមទៀតដើម្បីនាំមកនូវចំណូលបន្ថែមបន្តិចបន្តួច។ ការងារតូចតាចប៉ុនណាក៏គួរតែធ្វើដែរមិនថាកាត់ស្មៅ លាងឡាន រត់តុ ។ល។ គឺសុទ្ធតែជាប្រភពចំណូល។ ធ្វើរបៀបនេះ នៅពេលទីផ្សារការងារចង្អៀត វាអាចនឹងក្លាយជាការងារបង្អែកដ៏រឹងមាំ។ គន្លឹះនេះពិតជាសំខាន់ប្រសិនបើការងារពេញម៉ោងរបស់អ្នកមិនគ្រប់គ្រាន់សម្រាប់ការចំណាយ។ 

ប្រភពចំណូលមួយទៀតគឺធ្វើការឲ្យខ្លួនឯង។ យកពេលវេលាចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ត្រូវចាប់ផ្តើមកសាងអាណាចក្រ ឬម៉ាកសញ្ញាល្បីមួយសម្រាប់ខ្លួនឯង។ អ្នកអាចចាប់ផ្តើមពីតូចទៅ។ ត្រូវប្រែក្លាយពេលទំនេររបស់អ្នកឲ្យមកជាពេលវេលាដ៏មមាញឹករបស់អ្នកវិញ។ អ្នកអាចចាប់ផ្តើមលក់គ្រឿងសំអាងលើអនឡាញ ឬចាប់ផ្តើមលក់សម្លៀកបំពាក់។ គ្មានអ្វីល្អប្រសើរជាងការដែលក្លាយជាថៅកែដោយខ្លួនឯងនោះទេ។ ពួកសេដ្ឋីភាគច្រើនគឺធ្វើការឲ្យខ្លួនឯង ទើបក្លាយជាអ្នកមាន។ 

- សន្សំហើយសន្សំទៀត
នៅពេលអ្នកទើបចាប់ផ្តើមរកលុយ វាអាចមានការលំបាកបន្តិចក្នុងការសន្សំ ប៉ុន្តែត្រឹម ២៥ ឬ ៥០ ដុល្លារក្នុងមួយខែនឹងអាចធ្វើឲ្យមានភាពខុសគ្នាដ៏ធំមួយ។ អ្នកមិនត្រូវយកលុយដាក់ក្រោមពូក រួចទន្ទឹងឲ្យវាលូតលាស់នោះទេ។ ត្រូវដាក់វាក្នុងគណនីសន្សំ ដែលអាចចំណេញការប្រាក់ និងទុកឲ្យលុយធ្វើការឲ្យអ្នក។ ត្រូវបង្កើតមូលនិធិបង្ការអាសន្នមួយ ដូច្នេះប្រសិនបើអ្នកអស់ការងារធ្វើ ឬ គ្រួសារជួបរឿងបន្ទាន់ អ្នកនឹងអាចមានលុយគ្រប់គ្រាន់សម្រាប់ចំណាយ។

- ត្រូវបង្កើតវិន័យមួយថាត្រូវតែរស់នៅក្រោមលទ្ធភាពដែលខ្លួនមាន
 អ្នកមានភាគច្រើនអាចនឹងប្រាប់អ្នកថា កំហុសធំបំផុតដែលមនុស្សបានសាងគឺរស់នៅលើលទ្ធភាពរបស់ខ្លួន។ រថយន្តថ្លៃ សម្លៀកបំពាក់ល្អៗ គ្រឿងអលង្ការ និងការធ្វើដំណើរកម្សាន្តផ្សេងៗគឺពិតជាល្អប្រពៃណាស់ ប៉ុន្តែរបស់ទាំងនេះគឺសុទ្ធតែត្រូវចំណាយលុយយ៉ាងច្រើន។ កុំទុកឲ្យប្រាក់ខែត្រួតត្រាអ្នក តែត្រូវគ្រប់គ្រងប្រាក់ខែរបស់អ្នកឲ្យបាន។ ត្រូវចាំពីគោលដៅហិរញ្ញវត្ថុរបស់អ្នក និងប្រកាន់ខ្ជាប់នឹងវាជានិច្ច។ ជាការពិត នេះមិនបានន័យថាអ្នកមិនអាចមានរបស់ល្អៗនោះទេ ប៉ុន្តែត្រូវចេះផ្តោតសំខាន់លើតម្រូវការចាំបាច់ជាជាងចំណង់ចង់បាន។ 

- ជជែកជាមួយអ្នកអាជីព
 អ្នករៀបផែនការហិរញ្ញវត្ថុអាចជួយអ្នកឲ្យសម្រេចចិត្តឆ្លាតវៃជាមួយនឹងលុយរបស់អ្នក មិនថាលុយនោះមានចំនួន ១០០ ដុល្លារ ឬ ១ លានដុល្លារនោះទេ។ អ្នករៀបចំផែនការហិរញ្ញវត្ថុអាចជួយពន្យល់ពីផលប័ត្រ និងការវិនិយោគ។ ពួកគេនឹងប្រើជំនាញរបស់ពួកគេជួយអ្នកសម្រេចចិត្ត ប៉ុន្តែមិនមែនសម្រេចចិត្តជួសអ្នកនោះទេ។ វានៅតែជាការងាររបស់អ្នកក្នុងការចូលរួមក្នុងដំណើរការពាក់ព័ន្ធនានា និងត្រូវដឹងឲ្យច្បាស់ថាលុយរបស់អ្នកហូរទៅណាខ្លះ។ មហាសេដ្ឋីតែងតែប្រើអ្នករៀបចំផែនការហិរញ្ញវត្ថុឲ្យជួយពួកគេគ្រប់គ្រងលុយរបស់ពួកគេ ប៉ុន្តែពួកអ្នករៀបចំផែនការទាំងនេះក៏ឧស្សាហ៍ចូលរួមជជែកពីកិច្ចការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកសេដ្ឋីផងដែរ។ 

តើអ្នកនឹងក្លាយជាសេដ្ឋីឆាប់ៗនេះទេបើគ្រាន់តែធ្វើតាមគន្លឹះទាំងនេះ? ចម្លើយគឺទេ។ អ្នកនឹងមិនអាចក្លាយជាសេដ្ឋីមែន ប៉ុន្តែអ្នកនឹងត្រូវបានបំពាក់នូវគន្លឹះទាំងអស់នេះនៅក្នុងខ្លួនដែលចាំបាច់ដើម្បីឲ្យអ្នកអភិវឌ្ឍន៍ផែនការ និងចាប់ផ្តើមអាជីវកម្មរបស់អ្នក។ ឥឡូវបាល់គឺនៅក្នុងជើងរបស់អ្នកហើយ តើត្រូវទាត់សំដៅទី ឬក៏អត់ គឺអាស្រ័យលើអ្នកប៉ុណ្ណោះ៕  

ប្រភព៖ ឡាយហ៊ែក

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់