ពិធីករកម្មវិធីប្រគល់ពាន Ballon d'Or រងការរិះគន់ស្ពឹកមុខ ដោយសារសុំឱ្យកីឡាការិនីរបស់ Lyon រាំគ្រវីគូទ បន្ទាប់ពីនាងឈ្នះពានបាល់មាសលើកទី១

ពិធីករកិត្តិយសនៃកម្មវិធីប្រគល់ពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមពិភពលោក Ballon d'Or ត្រូវបានបង្ខំឱ្យចេញមុខសុំទោស បន្ទាប់ពីម្ចាស់ជ័យលាភី កីឡាការិនីឆ្នើមពិភពលោក Ada Hegerberg ត្រូវបានសួរនៅលើឆាកប្រគល់ពាន ថាតើនាងដឹងពីរបៀបរាំគ្រវីគូទ ឬអត់នៅឯកម្មវិធីដ៏ធំនេះនៅក្នុងទីក្រុងប៉ារីស។

ខ្សែប្រយុទ្ធរបស់ក្រុម Lyon វ័យ ២៣ឆ្នាំរូបនេះ ត្រូវបានប្រកាសឈ្មោះជាកីឡាការិនីឈ្នះពាន Ballon d'Or ដំបូងគេបំផុត ដោយអតីតកីឡាករអន្តរជាតិបារាំងលោក David Ginola និងបានផ្តល់នូវពាក្យពេចន៍ដ៏មានឥទ្ធិពលដើម្បីជំរុញទឹកចិត្តបន្ថែមទៀតដល់នារីក្នុងវិស័យកីឡាបាល់ទាត់។

ទោះជាយ៉ាងណាក្តី ខណៈដែលតារាបាល់ទាត់នារីអន្តរជាតិន័រវែសរូបនេះកំពុងចាកចេញពីឆាក ឌីជេបារាំង និងជាពិធីករកិត្តិយសលោក Martin Solveig បានសួរនាងថាតើអ្នកអាចនឹងរាំគ្រវីគូទបានទេ ប៉ុន្តែម្ចាស់ជើងឯកពានរង្វាន់កំពូលទ្វីបអឺរ៉ុបផ្នែកនារីបីសម័យកាលរូបនេះបាននិយាយថា "ទេ" ភ្លាមៗ មុនពេលចាកចេញ។

វីដេអូខ្លីមួយដែលបង្ហាញពីទិដ្ឋភាពជាក់ស្តែងដែលនាងត្រូវបានសួរភ្លាមៗ មានភាពល្បីល្បាញជាខ្លាំងនៅលើបណ្តាញសង្គម ជាមួយនឹងប្រតិកម្មដ៏ភ្ញាក់ផ្អើលផងដែររបស់ Kylian Mbappe។

Mbappe បានឈ្នះពាន Raymond Kopa Trophy ក្នុងនាមជាកីឡាករឆ្នើមវ័យក្មេង។ Luka Modric បានផ្តួល Cristiano Ronaldo និង Messi ដោយបានឈ្នះពានរង្វាន់សំខាន់បំផុតក្នុងកម្មវិធីប្រគល់ពានរង្វាន់មួយនេះ៕


 

adverise with khmeread