ព្រោះតែរឿងស្រីយុវជន២ក្រុមកាប់គ្នារបួស៣នាក់,ប៉ូលិសឃាត់ខ្លួន២នាក់

​កំពត ៖ កម្លាំង​ប៉ូលិស​ក្រុង​កំពត បាន​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ដែលជា​បក្ខ​ពួ​ក​ជនសង្ស័យ​ក្នុងករណី​កាប់​យុវជន​បីនាក់ឱ្យរងរបួស​ផ្តើមឡើង​ដោយ​ការខឹង​សម្បារ​រឿង​គេ​ឌុប​ស្រី​ស្នេហ៍ ហើយ​រោទិ៍​ម៉ូតូ​របៀប​ឌឺដងថែមទៀត កាលពី​រសៀល​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នៅ​ចំណុច​ពី​ខាងកើត​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ ក្នុង​ទឹកដី​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត។

​ប៉ូលិសនិយាយថា ជនសង្ស័យ​២នាក់ រួមមាន ១. ឈ្មោះ ភាព ផែន ភេទ​ប្រុស អាយុ ២០ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពតនិង ២. ឈ្មោះ​ចេ​ន វិត ប្រុស អាយុ ២៣ឆ្នាំ មុខរបរ​ជាង​ម៉ូតូ ស្នាក់នៅ​ភូមិ​ក្រាំង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត។ ​ជនដៃដល់​ដែល​គេចខ្លួន​ឈ្មោះ ឈិន ភេទ​ប្រុស អាយុ ២២ឆ្នាំ មិនដឹង​ទីលំនៅ។ 

​ដោយឡែក​ជនរងគ្រោះ រួមមាន ១. ជន​រង​គ្រោះឈ្មោះ​អេង ហៃ ភេទ​ប្រុស អាយុ ២៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត, ២. ឈ្មោះ​ត្រឹង សីហា ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត និង​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ។

​ប៉ូលិសបន្តថា ករណី​ហិង្សា​ចេតនា​បានកើត​ឡើង​​បណ្តាល​ឱ្យយុវជន​បីនាក់​រងរបួស​ព្រោះតែ​ត្រូវគេ​កាប់​ដោយ​ដាវ​ដែក​មួយ​ដើម ហើយកម្លាំង​ប៉ូលិស​ក្រុង​កំពត​ក៏​តាម​ចាប់​ក្រុម​ជនសង្ស័យ​បាន​ពីរ​នាក់​ជា​បក្ខពួក​ជន​ដៃដល់​ដែល​គេចខ្លួន។  

​មូល​ហេតុដែល​ជនសង្ស័យ​កាប់​យុវជន​ទាំងបី​នាក់ ព្រោះតែ​ខឹង​ក្រុម​ជន​រង​គ្រោះជិះ​ម៉ូតូ​ដឹក​ស្រី​ស្នេហ៍​បង្អួត និង​រោទិ៍​ម៉ូតូ​ដាក់​ពេល​ជិះ​ដល់​លើ​ស្ពាន​ទើប​ក្រុម​ជនសង្ស័យ ដែលមាន​គ្នា​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ស្ទាក់​កាប់ ត្រង់ចំណុច​ក្បែរ​ភោជនីយដ្ឋាន​តា​ឪ​តែម្តង៕

adverise with khmeread